កម្ពុជា នឹងរងឥទ្ធិពលព្យុះសង្ឃរា ដែលអាចបង្កឲ្យមានភ្លៀងធ្លាក់ផ្គររន្ទះចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ វិច្ឆិកា
ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥
កម្ពុជា នឹងបន្តធ្លាក់ភ្លៀង រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ដោយសារតែឥទ្ធិពលព្យុះទី២៥ ឈ្មោះ កាលម៉េលី បានវិវត្តទីជា ព្យុះសង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រចិនខាងត្បូង សមុទ្រកម្ពុជា អាងទន្លេមេគង្គ និងលើកម្ពុជា។ បើតាមក្រសួងធនធានទឹក និងឧតុនិយម ឥទ្ធិពលព្យុះនេះ ធ្វើឱ្យបណ្តាលខេត្ត ធ្លាក់ភ្លៀងលាយខ្យល់កន្រ្តាក់។
សម្រាប់ តំបន់វាលទំនាប ដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ នឹងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៣០ភាគរយ។ សីតុណ្ហភាពមធ្យមអប្បបរមា២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា២៩អង្សាសេ។ ដោយឡែក ខ្យល់ បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៤ម៉ែត្រ ក្នុងមួយវិនាទី។
ចំពោះ តំបន់ខ្ពង់រាប ដូចជាខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥ភាគរយ។ សីតុណ្ហភាពមធ្យមអប្បបរមា២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា២៨អង្សាសេ។ ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រ ក្នុងមួយវិនាទី។
រីឯ តំបន់មាត់សមុទ្រ មាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥ភាគរយ។ សីតុណ្ហភាពមធ្យមអប្បបរមា២១ អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា២៨ អង្សាសេ។ ខ្យល់ បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រ ក្នុងមួយវិនាទី។ ចំណែក រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ៕
Nº.1075
