ក្រសួងអប់រំ ៖ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ សិស្សានុសិស្សចុះឈ្មោះចូលរៀនចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សាទុតិយភូមិ មានប្រមាណ ៣លាន ៣សែន ៦ម៉ឺននាក់
ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥
ក្រសួងអប់រំយុវជន និងកីឡាបានបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៥-២០២៦ កាលពីថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ២០២៥ ដោយមានសាលារៀនជាង ៩៥០០ បានបើកដំណើរការសិក្សាតាមការគ្រោងទុក។
ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅព្រឹកថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ២០២៥ ជានិមិត្តរូប នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ខេត្តឧត្តរមានជ័យ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា សាលារៀនសាធារណៈនៅទូទាំងប្រទេសចំនួន ៩៥៤១ មានលទ្ធភាពចាប់ផ្តើមបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ តាមការគ្រោងទុក។ ចំណែកសាលារៀនចំនួន ៥ នៅមិនទាន់អាចបើកបានដំណើរការបាននៅឡើយទេ ក្នុងនោះមាន ១ សាលានៅខេត្តបន្ទាយមានជ័យ ២ សាលានៅខេត្តឧត្តរមានជ័យ និង២ សាលាទៀត នៅខេត្តព្រះវិហារដោយសារសាលារៀននៅមានគ្រាប់មិនទាន់ផ្ទុះ ដែលមិនទាន់បានរំដោះចេញបណ្តាលមកពីសង្គ្រាមឈ្លានពានពីប្រទេសជិតខាង។
យ៉ាងណាក៏ដោយ ក្រសួង មន្ទីរ និងអង្គភាពពាក់ព័ន្ធបានកំពុងរៀបចំឱ្យមានការបង្រៀននៅតាមផ្ទះ, ការរៀនបណ្តោះអាសន្ននៅតាមសាលារៀននៅជិតបំផុត, ការបែងចែកវេនសិក្សាព្រឹក និងរសៀល, និងការបង្រៀននៅក្នុងជំរំ។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងក៏បានកំពុងខិតខំកៀរគរ និងផ្តល់សម្ភារៈចាំបាច់មួយចំនួនសម្រាប់ការសម្រួលដំណើរការរៀនសូត្រ ដោយសូមយកឱកាសនេះដែរ ថ្លែងអំណរគុណដល់ការចូលរួមរបស់សប្បុរសជននានា ក្នុងការគាំទ្រ ដែលបានផ្តល់នូវគ្រឿងឧបភោគបរិភោគ សម្ភារៈកីឡា ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗមួយចំនួនទៅដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននេះផងដែរ។
Nº.1074
