នគរបាលខេត្តព្រៃវែង ធ្វើការឃាត់ខ្លួនមនុស្សចំនួន៦៤នាក់ក្រោមការចោទប្រកាន់ពីការផ្តល់កម្ចីប្រាក់ដោយខុសច្បាប់
ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥៖
នគរបាលខេត្តព្រៃវែង និងអាជ្ញាធរពាក់ព័ន្ធបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៦៤នាក់បញ្ជូនទៅតុលាការ ក្រោមការចោទប្រកាន់ពីការផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់រហូតដល់ទៅ៨៥% បន្ទាប់ពីបានធ្វើការស្រាវជ្រាវអស់រយៈពេល២សប្តាហ៍រួចមក។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានប្រកាសនាថ្ងៃចន្ទ ទី៦ ខែតុលានេះថា ក្រោមសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ នគរបាលខេត្តបានធ្វើការបង្ក្រាប ករណីផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ នៅទូទាំងភូមិសាស្ត្រខេត្តព្រៃវែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦៤នាក់ (ស្រី២៤នាក់) រួមទាំងវត្ថុតាងមួយចំនួនធំនាពេលថ្មីៗនេះ។
កិច្ចប្រតិបត្តការទ្រង់ទ្រាយធំនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានអនុសាសន៍ណែនាំពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងនាយកដ្ឋានប្រឆាំងភារវកម្ម ចុះស្រាវជ្រាវករណីទាំងនេះ។
នគរបាលបានចុះស្រាវជ្រាវករណីខាងលើក្នុងមូលដ្ឋានស្រុកមួយចំនួនក្នុងខេត្តព្រៃវែង អស់រយៈពេល២សប្តាហ៍។ ទីបំផុត កម្លាំងនគរបាល បានស្រាវជ្រាវកំណត់ទីតាំងសង្ស័យចំនួន៥ ដោយឃាត់ខ្លួនបានជនសង្ស័យបានចំនួន ៦៤នាក់។
ស្នងការដ្ឋានគរបាលខេត្តបញ្ជាក់ថា៖«ក្រុមផ្តល់ប្រាក់កម្ចីទាំង៥ក្រុមនោះ គឺសុទ្ធតែខុសច្បាប់ទាំងស្រុង។ ក្នុងនោះមាន៤ ក្រុម គឺពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ឡើយ។ ដោយឡែក១ ក្រុមទៀត មានអាជ្ញាប័ណ្ណ ប៉ុន្តែគឺជាអាជ្ញាប័ណ្ណអាជីវកម្មទទួលបញ្ចាំតែប៉ុណ្ណោះ មិនមែនជាអាជ្ញាប័ណ្ណផ្តល់ប្រាក់កម្ចីនោះទេ។ យ៉ាងណាក៏ដោយ ទីតាំងផ្តល់ប្រាក់កម្ចីទាំងអស់នោះ គឺបានផ្តល់កម្ចី ដោយមានអត្រាការប្រាក់ខ្ពស់ហួសកម្រិត ក្នុងរូបភាពក្លែងបន្លំការប្រាក់ពី ១០ ទៅ ១៥ ភាគរយក្នុងមួយខែ ប៉ុន្តែបើតាមការស្រាវជ្រាវលម្អិត គឺអត្រាការប្រាក់ខ្ពស់រហូតដល់ ៨០ ទៅ ៨៥ ភាគរយ» ។
កម្លាំងនគរបាលនាំជនសង្ស័យ រួមនិងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំបន្តតាមនីតិវិធី។ បច្ចុប្បន្ន ជនសង្ស័យជាអ្នកទទួលខុសត្រូវជាន់ខ្ពស់ នៅក្នុងក្រុមផ្តល់ប្រាក់កម្ចីទាំង៥ក្រុមនេះ ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់។ ដោយឡែកបុគ្គលិកជាភ្នាក់ងារផ្តល់ប្រាក់កម្ចីធម្មតា ត្រូវបានអប់រំ ធ្វើកិច្ចសន្យា និងដាក់ក្នុងការស៊ើបអង្កេតបន្ត ដើម្បីស្រាវជ្រាវរកបណ្តាញទីតាំងផ្តល់ប្រាក់កម្ចីខុសច្បាប់បន្ថែមទៀត ។
បន្ទាប់ពីកិច្ចប្រតិបត្តិការបង្ក្រាបជំហានទី១នេះបានបញ្ចប់រួចមក លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និង អភិបាលខេត្តព្រៃវែង លោកសួន សុម៉ាលីន បានចង្អុលណែនាំឱ្យ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កោះប្រជុំបន្ទាន់ និងបន្តចុះស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបករណីផ្តល់កម្ចីខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់នេះឱ្យអស់ពីមូលដ្ឋានទាំង១៣ ក្រុង/ស្រុក និង ១១៦ឃុំ/សង្កាត់ ក្នុងខេត្តព្រៃវែង។ លើសពីនេះ ត្រូវខិតខំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីការបោកបញ្ឆោតនៃការផ្តល់ប្រាក់កម្ចីខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់នេះ ដល់គ្រប់មូលដ្ឋានទាំងអស់នៅក្នុងខេត្តព្រៃវែង ។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏បានធ្វើការប្រកាសដល់ប្រជាពលរដ្ឋទូទាំងខេត្តផដែរ ឱ្យឈប់ទទួលប្រាក់កម្ចីខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់នេះជាបន្តទៀត។ នគរបាលខេត្តក៏បានអំពាវនាវដល់អ្នក ដែលជាប់ពាក់ព័ន្ធ ត្រូវបញ្ឈប់នូវសកម្មភាពផ្តល់ប្រាក់កម្ចីខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់នេះជាបន្ទាន់។ ក្នុងករណីដែលសមត្ថកិច្ចស្រាវជ្រាវដឹងនោះ សមត្ថកិច្ចនឹងធ្វើការបង្ក្រាបឱ្យដល់ឫសគល់ និងគ្មានការលើកលែងដល់ជនណាម្នាក់ឡើយ។
Nº.1046


