កម្ពុជាទទួលរងឥទ្ធិពលព្យុះចំនួនពីរ បណ្ដាលឲ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

7NEWS

កម្ពុជាទទួលរងឥទ្ធិពលព្យុះចំនួនពីរ បណ្ដាលឲ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥

ព្យុះចំនួនពីរ គឺព្យុះទី២១ឈ្មោះ ម៉ាតម៉ូ (Matmo) និងព្យុះទី២២ឈ្មោះ ហាលុង (Halong) ដែលកំពុងដើរលើកន្លងផ្លូវស្របគ្នា ហើយក៏នឹងជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ធ្វើនៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ បើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៦ តុលានេះ ត្បិតដើរលើគន្លងស្របគ្នាក៏ពិតមែន តែព្យុះទាំងពីរពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

សូមបញ្ជាក់ថា ព្យុះទី២២ឈ្មោះ ហាលុង (Halong) T2522 ដែលជាព្យុះទី២២ ក្នុងឆ្នាំ២០២៥ បានកើតឡើងដោយសារការវិវដ្ដពីសម្ពាធទាបដែលកើតនៅសមុទ្រខាងត្បូង ដែលគន្លងផ្លូវដើររបស់ព្យុះនេះស្របនឹងព្យុះទី២១ឈ្មោះ ម៉ាតម៉ូ (Matmo) T2521 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។

តាមការប្រកាសរបស់ក្រសួងធនធានទឹក ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី២៥%។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។

តំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ៕

Nº.1045

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top