សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នេះ

7NEWS

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នេះ

ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺចំថ្ងៃខួបកំណើតរបស់សម្តេចបវរធិបតី គម្រប់៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ។

អាកាសយានដ្ឋាននេះត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលការដ្ឋានសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០២០ ដោយស្នាដៃស្ថាបត្យករ វិស្វករ និងអ្នកសាងសង់ជាកូនខ្មែរ។ 

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ក្រោមទឹកប្រាក់វិនិយោគ ដែលដំបូងគ្រោងចំនួន ១៥០០លានដុល្លារ ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុន ១០០% ដោយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាក្រុមហ៊ុនសំខាន់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈគម្រោងចំណាយបានកើនរហូតដល់ជាង ២០០០លានដុល្លារ នៅពេលបើកប្រតិបត្តិការតំបូង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានកំពុងឈរបង្អូតរាងយ៉ាងស្រស់ត្រកាល នៅលើផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញ។

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប និងអនុញ្ញាតឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន ដោយមានផ្លូវយន្តហោះរត់ប្រវែង ៤គីឡូម៉ែត្រ។

បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។

ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤ គីឡូម៉ែត្រនឹងមានសមត្ថភាពទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០២៥។

ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់មួយបន្ថែមទៀតនឹងបង្កើនសមត្ថភាពអ្នកដំណើរដល់ ៣០លាននាក់ នៅឆ្នាំ២០៣០ ខណៈដំណាក់កាលទីបី អាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥លាននាក់ នៅឆ្នាំ២០៥០។

បន្ទាប់ពីអាកាសយានដ្ឋានមួយនេះបើកដំណើរការគេរំពឹងថា ក្រៅពីការអភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅកម្ពុជា ក៏ដើរតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យផ្សេងៗទៀត ដូចជា វិស័យទេសចណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ជំរុញការអភិវឌ្ឍន៍វិស័យអចនទ្រព្យ និងការធ្វើពាណិជ្ជកម្មនានាជុំវិញតំបន់នោះ ជាដើម ។

Nº.1064

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top