អឺរ៉ុប បង្កើនចង្វាក់ផលិតកម្មគ្រាប់សព្វាវុធ
ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥
ប្រឈមនឹងការវាយប្រហារស្ទើរជារៀងរាល់ថ្ងៃពីសំណាក់យោធារុស្ស៊ី អ៊ុយក្រែនត្រូវការ ជាអាទិភាពប្រព័ន្ធការពារដែនអាកាសនិងគ្រាប់មីស៊ីល។ នេះបើតាមប្រសាសន៍របស់លោកហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន ទៅកាន់សមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នាថ្ងៃអាទិត្យទី១២តុលា២០២៥។ អ៊ុយក្រែនត្រូវការសព្វាវុធកាន់តែច្រើន តើបារាំង ឬអឺរ៉ុប អាចបំពេញកង្វះខាតឱ្យអ៊ុយក្រែនបានទេ? គេនៅចាំបានថា អាវុធយុទ្ធភ័ណ្ឌនិងគ្រាប់រំសេវក្នុងស្តុកយុទ្ធសាស្ត្ររបស់អឺរ៉ុប មានលក្ខណៈស្តួចស្តើងខ្លាំងណាស់ នៅពេលសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងភ្លាម។ ចុះពេលនេះ?
ពីពេលនេះដល់ដំណាច់ឆ្នាំ២០២៥ ការផលិតគ្រាប់កាំភ្លើងធំ នៅអឺរ៉ុប នឹងឡើងដល់២លានគ្រាប់។ មានន័យថាឧស្សាហកម្មអាវុធប្រកបដោយយុទ្ធសាស្ត្ររបស់អឺរ៉ុប កំពុងរីកដុះដាលប្រកបដោយជោគជ័យ បើប្រៀបទៅនឹងស្ថានភាពមុនផ្ទុះសង្គ្រាមរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។
នៅខែកុម្ភៈ២០២២ ផលិតកម្មគ្រាប់កាំភ្លើងធំ និងបរិមាណគ្រាប់ក្នុងស្តុក ដ៏ស្តួចស្តើង បានធ្វើឱ្យប្រទេសជាសមាជិកអឺរ៉ុបទាំងមូលភ័យឡើងបែកញើស។ ប្រឈមនឹងស្ថានការណ៍ដ៏បន្ទាន់ដូច្នេះ គណៈកម្មការអឺរ៉ុប បានសម្រេចបង្កើនចង្វាក់ផលិតកម្ម តាមរយៈផែនការវិនិយោគទំហំជិត៥រយលានអឺរ៉ូ។ នេះជារបត់ថ្មីដែលមកបិទបញ្ចប់គំនិតមិនសូវខ្វល់ខ្វាយធ្វើវិនិយោគក្នុងវិស័យយោធា ព្រោះអាងមានខែលអាមេរិកជាបង្អែកទៅហើយ។
តាមរយៈផែនការវិនិយោគ ដែលមានការជួយឧបត្ថម្ភយ៉ាងធំធេងពីអឺរ៉ុប បានជំរុញឱ្យក្រុមហ៊ុនឧស្សាហកម្មអាវុធដ៏ធំបំផុតអាល្លឺម៉ង់ Rheinmetall មានដំណើរការយ៉ាងស្វាហាប់បំផុត ដោយអាចផលិតគ្រាប់តែម្នាក់ឯង បានដល់ទៅជាងមួយលានគ្រាន់ ពីពេលនេះដល់ដំណាច់ឆ្នាំ។ ក្រុមហ៊ុនអាល្លឺម៉ង់ទើបសម្ពោធរោងចក្រថ្មីមួយទៀត នៅUnterlüss ដើម្បីពង្រឹងនិងបង្កើនផលិតផលឱ្យបានកាន់តែច្រើនខ្លាំង ហើយដែលនឹងក្លាយទៅជារោងចក្រផលិតគ្រាប់កាំភ្លើងដ៏ធំជាងគេបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០២៧។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុន ។ ចំណែកបារាំងក៏ទទួលផលប្រយោជន៍ច្រើនពីការអភិវឌ្ឍផែនការឧស្សាហកម្មអាវុធនេះដែរ ព្រោះសំបកគ្រាប់កាំភ្លើងផលិតនៅអាល្លឺម៉ង់ ឯរំសេវឬជាតិផ្ទុះរបស់គ្រាប់កាំភ្លើង ផលិតដោយក្រុមហ៊ុនបារាំង នៅប្រទេសបារាំង។
ជាសរុប ក្នុងរយៈពេលបីឆ្នាំនេះ អឺរ៉ុបអាចបង្កើនផលិតផលគ្រាប់កាំភ្លើងធំក្នុងស្តុកបាន៦ដង។ “គ្មានទេពាក្យថាមិនអាចទៅរួច! ប៉ុន្តែពេលខ្លះគេត្រូវការមានអ្វីមកឆក់ដាស់អឺរ៉ុប ឱ្យភ្ញាក់ស្មារតីឡើងវិញ។
Nº.1057
