ក្រោយរបបអាសាដដួលរលំ របបស៊ីរីថ្មីស្ថិតនៅលើផ្លូវបង្រួបបង្រួមជាតិ
ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥
ជិត មួយឆ្នាំ នៃ ការដួលរលំរបបបាស្ហា អាល់អាសាដ ស៊ីរីនៅតែមិនទាន់រកឃើញ ឯកភាពជាតិទាំងស្រុង។ នៅក្នុង គោលដៅបង្រួបបង្រួមជាតិ ប្រមូល ទឹកដី ទាំងអស់ មកនៅក្រោម ការគ្រប់គ្រង របស់ រដ្ឋាភិបាល ថ្មី ប្រធានាធិបតី ស្តីទី លោក អាម៉េដ អាល់ ស្ហារ៉ា Ahmed Al Charaa បាន ចរចា ជាមួយកម្លាំងប្រដាប់អាវុធ គ្រប់ភាគី នៅស៊ីរី ជាពិសេស ក្រុមគួដឌីស្ថាន ដែល គ្រប់គ្រង តំបន់ស្វយ័ត ភាគខាងជើង ស៊ីរី។ នៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃអាទិត្យ មេដឹកនាំ របស់ ចលនា ប្រយុទ្ធ គួដឌីស្ថាន បាន មាន ប្រសាសន៍ ថា លោក បាន រកឃើញ កិច្ចព្រមព្រៀង ជាគោលការណ៍ ជាមួយ មេដឹកនាំ ថ្មី របស់ ស៊ីរី ស្តីពីការ ធ្វើសមាហរណកម្ម ទាហាន គួដ ទៅក្នុង ជួរកងទ័ពជាតិស៊ីរី។
ក្នុង រយៈពេល ជិត មួយឆ្នាំ នៃ ការដួលរលំ របបបាស្ហា អាល់អាសាដ ស៊ីរីស្ថិតនៅលើផ្លូវបង្រួបបង្រួម ជាតិ និង ស្តារកសាងប្រទេសដែល ខ្ទេច ខ្ទាំ ដោយសារ សង្រ្គាម ជាង ១០ឆ្នាំ។ ក្រៅពី ស្វែងរក ការគាំទ្រ ពីសហគមន៍អន្តរជាតិ និង ការដកចោល ទណ្ឌកម្ម សេដ្ឋកិច្ច ពីមហាអំណាច តួយ៉ាងអាមេរិក ប្រធានាធិបតីស្តីទី របស់ របបស៊ីរីថ្មី លោក អាម៉េដ អាល់ ស្ហារ៉ា បានបោះដៃ ទៅ ក្រុម ប្រដាប់អាវុធគ្រប់ភាគី ដើម្បីធានា កុំ ឲ្យមានការបាក់បែក ពុះចែក ប្រទេសគ្រប់គ្រង ដូចមុន។ នៅខែមីនា លោក បាន បើកការចរចា ជាមួយ ក្រុមគួដឌីស្ថានដែល គ្រប់គ្រង តំបន់ភាគខាងជើងស៊ីរី ឲ្យ យល់ ព្រមព្រៀងចុះចូល ក្នុង រដ្ឋាភិបាល ថ្មី។ កាលណោះ ភាគី ចរចា ទាំងពីរធ្លាប់បាន ទុកពេល ១ឆ្នាំ ដើម្បី ធ្វើសមាហរណកម្ម ធ្វើទាំង រដ្ឋបាល ស៊ីវិល និង យោធា។
ប៉ុន្តែ ជាង ៧ខែ មកនេះ ការចរចា ជាមួយក្រុមគួដឌីស្ថាន ស៊ីរី ហាក់ មិន សូវ បោះជំហានទៅមុខ ក៏ព្រោះតែ ការខ្វែងគំនិត និងការទាមទារ អំណាច គ្រប់គ្រង រៀងៗខ្លួន។
នៅថ្ងៃ អាទិត្យ មេដឹកនាំ ក្រុមគួដឌីស្ថាន ដែលគ្រប់គ្រង តំបន់ភាគខាងជើង ស៊ីរី និង គាំទ្រ ដោយ សហរដ្ឋអាមេរិក បាន និយាយថា កងកម្លាំង គួដឌីស្ថានដែលមាន គ្នីគ្នា ជាង ១សែននាក់ បាន យល់ព្រមបញ្ចូល ខ្លួន ទៅក្នុងជួរកងទ័ពជាតិស៊ីរី ប៉ុន្តែ ក្រុមគួដឌីស្ថានដែល គ្រប់គ្រង តំបន់ភាគខាងជើងស៊ីរី សំបូរ ដោយ ប្រេង និង ចម្ការស្រូវសាឡី នៅតែ ទាមទារ ចង់ បាន ប្រព័ន្ធ ដឹកនាំ បែប វិមជ្ឈការ ពោលគឺការផ្តល់អំណាច ទៅ ឲ្យ ថ្នាក់ដឹកនាំ តាម តំបន់។
បើតាម មេដឹកនាំ របស់ចលនា គួដឌីស្ថានស៊ីរី លោក ម៉ាសលូម អាប់ឌី Mazloum Abdi ថ្នាក់ដឹកនាំ ថ្មី របស់ របបស៊ីរី នៅមិនទាន់ ឯកភាព យល់ព្រម តាម សំណើចង់ បាន របស់ ភាគី គួដឌីស្ថាន នៅឡើយទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ភាគីទាំងពីរ រកបាន កិច្ចព្រមព្រៀង ជា គោលការណ៍ និង ព្យាយាម ចរចា គ្នា បន្តទៀត ដើម្បី រករូបមន្ត ថ្មី ដែល គ្រប់ភាគីអាច ទទួលយកបាន។ ចំពោះ មេដឹកនាំក្រុម គួដឌីស្ថានស៊ីរី ចំណុច វិជ្ជមាននៃការចរចា កន្លងមក គឺ ភាគីទាំងពីរ សុទ្ធតែយល់ ស្របថា ស៊ីរី ត្រូវ ការឯកភាពទឹកដី និង ត្រូវ រួបរួមគ្នា ដើម្បី ប្រយុទ្ធប្រឆាំងនឹង ក្រុមភេរវនិយម។ តាមយោបល់ របស់ មេដឹកនាំគួដឌីស្ថានដដែល “ប្រេង និង ធនធាន ធម្មជាតិ ដែលមាន ច្រើន នៅ តំបន់ ភាគខាងជើង ស៊ីរី ជា កម្មសិទ្ធិ របស់ ប្រជាជន ស៊ីរីទាំងអស់គ្នា។ ពោលគឺ មិនមែន ជា កម្មសិទ្ធិផ្តាច់មុខ របស់ ក្រុម ណាមួយឡើយ។ ប្រាក់ចំណូល បាន មកពីការលក់ប្រេង នៅតំបន់ ដែល ធ្លាប់គ្រប់គ្រង ដោយ ក្រុមគួដឌីស្ថាន នឹង ត្រូវ បែងចែក ដោយស្មើភាពគ្នា ទៅគ្រប់ខេត្តទាំងអស់ របស់ស៊ីរី។”
បើតាម មេចលនា គួដឌីស្ថានស៊ីរី នៅក្នុង ជំនួបជាមួយ ប្រធានាធិបតី ស្តីទី របស់ ស៊ីរី គឺលោក អាម៉េដ អាល់ ស្ហារ៉ា លោក ក៏បានទាមទារ ឲ្យ មានការផ្លាស់ប្តូរ ចំណុច ខ្លះ នៃ រដ្ឋធម្មនុញ្ញថ្មី ដើម្បីធ្វើយ៉ាងណា ធានា ការពារ សិទ្ធិ របស់ ប្រជាជន គួដ នៅ ស៊ីរី។ លោក ម៉ាសលូម អាប់ឌី Mazloum Abdi ទាមទារ ឲ្យមានការចែងក្នុង រដ្ឋធម្មនុញ្ញស្តីពីការ ធានាការពារ ប្រជាជន គួដឌីស្ថាន ក្នុងហេតុផលថា ក្រុមគួដនៅស៊ីរីនេះជាសត្រូវ ជា មុខសញ្ញាផ្ទាំងស៊ីប វាយប្រហាររបស់ រដ្ឋាភិបាលតួកគី ដែលជា សម្ព័ន្ធមិត្តនិងជាអ្នកឧបត្ថម្ភជួយ លោក អាម៉េដ អាល់ ស្ហារ៉ា ដែលជាមេដឹកនាំ ថ្មី របស់ ស៊ីរី សព្វថ្ងៃ។
Nº.1058
