ឧកញ៉ា អុឹម សុផាន់ណារិទ្ធ ត្រូវបានប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ក្រោយមន្ត្រីជំនាញឆែកឃើញសាច់ក្លាសេ ប្រហិត ជង្គង់មាន់ស្លាបមាន់នាំចូលពីថៃ
ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥
ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែតុលា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ពីឈ្មោះ អុឹម សុផាន់ណារិទ្ធ តាមសំណេីររបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត។
នៅក្នុងព្រះរាជក្រឹត្យដដែល មិនបានបញ្ជាក់លំអិតអំពីមូលហេតុដែលនាំឲ្យឈានដល់ការបញ្ចប់គោរមងារនេះឡើយ។
ជាការកត់សម្គាល់ ការបញ្ចប់គោរមងារនេះបានធ្វើឡើងរយៈពេលប្រមាណ១សប្ដាហ៍ បន្ទាប់ពីសមត្ថកិច្ចចម្រុះ ប្រតិបត្តិការចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត អ៊ិចផត ដែលគេដឹងថា ជារបស់ឈ្មោះ អ៊ឹម សុផាន់ណារិទ្ធហៅ “ចែទូច” ហើយមន្ត្រីជំនាញបានរកឃើញសាច់ក្លាសេដូចជា ប្រហិត ជង្គង់មាន់ស្លាបមាន់,ជើងមាន់ ក្បាលទា និងគ្រឿងក្នុងជ្រូក រាប់សិបតោន ដែលមួយចំនួនបាននាំចូលពីប្រទេសថៃ។
ការបញ្ចប់គោរមងារនេះដែរកើតឡើង រយៈពេល២ថ្ងៃ បន្ទាប់ពីកាលពីល្ងាចថ្ងៃទី៨ ខែតុលា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យថៃមើលងាយខ្មែរថា អត់ទំនិញគេមិនបាន។
Nº.1052



