អង្គការសហប្រជាជាតិ កាត់បន្ថយទាហានមួកខៀវជាង១ម៉ឺននាក់ ព្រោះតែវិបត្តិថវិកា
ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥
ពីពេលនេះ ទៅ ប៉ុន្មានសប្តាហ៍ខាងមុខ ទាហាន មួកខៀវជាង ១ម៉ឺននាក់របស់ អង្គការ សហប្រជាជាតិ នឹង ត្រូវបំបែកជួរ វេចខ្ចប់ ឥវ៉ាន់ត្រលប់ចូលផ្ទះ។ កាលពីថ្ងៃ ពុធ ទី ៨ តុលា អ្នកទទួលខុសត្រូវ ជាន់ខ្ពស់ម្នាក់ របស់ អង្គការ សហប្រជាជាតិបាន ប្រកាសពីការ កាត់បន្ថយ ចំនួន កងកម្លាំងមួកខៀវ ប្រមាណ ១ភាគ៤ ក៏ព្រោះតែ វិបត្តិខ្វះថវិកា។
អ្វីដែលគេ ព្រួយបារម្ភកន្លងមក នៅពេលនេះបាន ក្លាយជាការពិត។ វិបត្តិខ្វះថវិកា ជាប់ជាប្រចាំបានធ្វើឲ្យ អង្គការ សហប្រជាជាតិ គ្មានជម្រើសអ្វីផ្សេង ក្រៅតែពី កាត់បន្ថយ ចំនួន កងរក្សាសន្តិភាពរបស់ខ្លួននៅទូទាំងពិភពលោក។ យោងតាមការប្រកាស របស់ អ្នកទទួលខុសត្រូវ ជាន់ខ្ពស់ម្នាក់ របស់អង្គការ សហប្រជាជាតិ ដែលសុំ មិនបញ្ចេញឈ្មោះ អង្គការ សហប្រជាជាតិ នឹង កាត់បន្ថយ ចំនួន ទាហាន មួកខៀវ និង ប៉ូលិសប្រមាណ ២៥% ព្រមទាំង គ្រឿងបរិក្ខា ខណៈពេល ដែលបុគ្គលិក ស៊ីវិល ដែល បម្រើការនៅតាម បេសកកម្មមួយចំនួន របស់ អង្គការ សហប្រជាជាតិ ក៏ត្រូវ ប៉ះពាល់ ដោយសារ វិធានការ រឹតត្បិតថវិកាលើកនេះដែរ។
បើតាម អ្នកទទួលខុសត្រូវ ខាងលើ នៅប៉ុន្មានខែខាងមុខ កងទ័ពមួកខៀវ និងប៉ូលិស របស់ អង្គការ សហប្រជាជាតិ ១៤០០០នាក់ ពោលគឺ ១ភាគ៤នៃចំនួន ទ័ពមួកខៀវសរុបជាង ៧៦០០០ នាក់ លែងចេញធ្វើប្រតិបត្តិការ នៅតំបន់កើតមានជម្លោះប្រដាប់អាវុធ និងត្រូវ ធ្វើ មាតុភូមិនិវត្តន៍ត្រលប់ចូលប្រទេសជារៀងរហូត។ សព្វថ្ងៃនេះ កងកម្លាំង រក្សា សន្តិភាពរបស់ អង្គការ សហប្រជាជាតិ កំពុងបំពេញ បេសកកម្ម ចំនួន ១១ នៅទូទាំងពិភពលោក ដូចជា នៅប្រទេស ស៊ូដង់ខាងត្បូង អាហ្រ្វិកកណ្តាល កូសូវ៉ូ ស៊ែរប៊ី ស៊ីប នៅភាគខាងត្បូងលីបង់ នៅទឹកដីហ្កូឡង់ របស់ស៊ីរី និងនៅតំបន់ប្រទាញប្រទង់គ្នា រវាង ឥណ្ឌា និងប៉ាគីស្ថាន។ ប៉ុន្តែ បើតាម មន្រ្តីអង្គការ សហប្រជាជាតិ មានតែ បេសកកម្មចំនួន ៩ប៉ុណ្ណោះដែល នឹងត្រូវ ប៉ះពាល់ដោយសារ វិធានការកាត់បន្ថយ ចំនួន ទាហាន មួកខៀវ។
អង្គការ សហប្រជាជាតិបង្ខំចិត្ត កាត់បន្ថយ ចំនួន ទ័ពមួកខៀវ ដោយសារតែខ្វះថវិកា។ អង្គការ សហប្រជាជាតិ បាន គន់គូរត្រូវការថវិកា ប្រមាណ ៥៤០០លាន ដុល្លារ សម្រាប់អនុវត្ត បេសកកម្ម របស់ កងកម្លាំង រក្សា សន្តិភាព ពី ពាក់កណ្តាល ឆ្នាំនេះ រហូតដល់ ពាក់កណ្តាល ឆ្នាំក្រោយ។ នៅក្នុង គម្រោងចំណាយ ត្រូវ មាន ប្រាក់ជំនួយ របស់អាមេរិក ប្រមាណ ១៣០០លានដុល្លារ និងប្រាក់វិភាគទាន របស់ចិន ចំនួន ១២០០លាន ដុល្លារ។
ចាប់តាំង ពីលោកដូណាល់ ត្រាំ វិលត្រលប់ចូលកាន់តំណែង ជា ប្រធានាធិបតី អាមេរិក មិនបាន បង់ ប្រាក់វិភាគទានសូម្បីតែ ១ដុល្លារ ទៅក្នុង កេស របស់ អង្គការ សហប្រជាជាតិ។ ការណ៍នេះធ្វើឲ្យអាមេរិក ត្រូវជំពាក់ មិនទាន់ បង់ទឹកប្រាក់ជាង ១៥០០លាន ដុល្លារ ទៅឲ្យអង្គការ សហប្រជាជាតិ។
នៅ ដើម ខែ កញ្ញា ការិយាល័យថវិកា របស់ សេតវិមាន បានបង្ហោះសារ នៅ បណ្តាញ Xថា លោក ដូណាល់ ត្រាំ ចង់ លុបចោល កញ្ចប់ ប្រាក់ ជំនួយទៅបរទេសជាង ៤៩០០លានដុល្លារបន្ថែមទៀត។ ក្នុងនោះក៏មានផងដែរ ថវិកា៨៤០លានដុល្លារ ដែលអាមេរិកត្រូវ បង់ សម្រាប់ ជួយ គាំទ្រ បេសកកម្ម របស់ ក្រុមមួកខៀវ ។
ថ្មីៗនេះទៀត រដ្ឋបាលលោកដូណាល់ ត្រាំ បានជូនដំណឹង ទៅ អង្គការ សហប្រជាជាតិថា អាមេរិក នឹង ចូលរួមវិភាគទានយ៉ាងច្រើនបំផុត ៦៨២ លាន ដុល្លារ ពោលគឺ ពាក់កណ្តាល នៃ កូតា ដែលអាមេរិក ត្រង់បង់ទៅ ក្នុងកេស របស់ អង្គការ សហប្រជាជាតិ។ នៅក្នុងវិភាគទានរបស់អាមេរិកទៀតសោត ទឹកប្រាក់ ៨៥លាន ដុល្លារ នឹងត្រូវ ប្រើ សម្រាប់តែគាំទ្រ បេសកកម្ម របស់អង្គការ សហប្រជាជាតិ ដើម្បីប្រឆាំង នឹង ជនពាល នៅប្រទេស ហៃទីតែប៉ុណ្ណោះ។
អាមេរិកកាត់បន្ថយជំនួយ សម្រាប់ បេសកកម្ម របស់ ក្រុមមួកខៀវ។ នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើល ព្រោះថា លោកដូណាល់ ត្រាំធ្លាប់បាន គំរាមតាំងពីដើមអាណត្តិថា នឹង លែងផ្តល់ជំនួយ ដល់ កងកម្លាំង រក្សាសន្តិភាព របស់ អង្គការ សហ ប្រជាជាតិ ដែលលោករិះគន់ថា គ្មានប្រសិទ្ធភាព គ្មានសមត្ថភាព បិទបញ្ចប់ សង្រ្គាម នៅក្នុង ពិភពលោក។
Nº.1051
