កូរ៉េខាងជើង ប្រារព្ធខួប៨០ឆ្នាំនៃ បក្សកុម្មុយនីស្ត
ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥
កាលពីថ្ងៃព្រហស្បតិ៍ ទី ៩តុលា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានរៀបចំពិធីដ៏ធំសម្បើមមួយ ដើម្បី អបអរសាទរខួប ទី ៨០ នៃការបង្កើតគណបក្ស កុម្មុយនីស្តកូរ៉េខាងជើង ។ ជាកម្មវិធី ដើម្បីអួតបង្ហាញពីភាពអស្ចារ្យ នៃរបបផ្តាច់ការព្យុង យ៉ាង ដោយ មានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ នៃប្រទេសមហាមិត្តធំៗ ដូចជាចិន រុស្ស៊ី វៀតណាម និងឡាវជាដើម ។ តាមការគ្រោងទុក កម្មវិធី បន្ទាប់ នៅថ្ងៃសុក្រនេះ គឺការដង្ហែរក្បួនព្យុហយាត្រាកងទ័ព ជាមួយ គ្រឿងសព្វា វុធ ទំនើប ៗ ។
របបផ្តាច់ការកូរ៉ខាងជើង បានប្រារព្ធពិធីបុណ្យ ខួប គម្រប់៨០ឆ្នាំនៃគណបក្សកុម្មុយនីស្ត កូរ៉េខាងជើង នៅក្នុង ពហុកីឡដ្ឋាន១ឧសភា នៅទីក្រុងព្យុងយ៉ាង ថ្ងៃព្រហស្បតិ៍ទី ៩ តុលា។ ក្នុងទឹកមុខញញឹមពោរពេញ ដោយ មោទនភាព លោកគីម ជុងអ៊ុង បានមានវត្តមានថ្លែងសារ អមទៅដោយវត្តមានរបស់ ថ្នាក់ ដឹកនាំប្រទេសមហាមិត្ត ម៉ឺនឆ្នាំ មួយចំនួន ដូចជា លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន លោក ឌីមីទ្រី ម៉េដវ៉េដេវ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក តូ ឡិម ប្រធានបក្សកុម្មុយនីស្តវៀតណាម និងលោក ថងលុន ស៊ីស៊ូលីត ប្រធានាធិបតី ឡាវ ។
កម្មវិធី សិល្បៈទស្សនីយភាពបែបឃោសនានយោបាយកុម្មុយនីស្ត ត្រូវបានបង្ហាញជាបន្តបន្ទាប់ ដើម្បីអួតបង្ហាញពី ជោគជ័យដ៏ត្រចះត្រចង់ នៃរបបកុម្មុយនីស្តកូរ៉េខាងជើង។ មុនចាប់ផ្តើមកម្មវិធី គេបានប្រើកុមារតូចៗ ឲ្យ យក បាច់ផ្កាទៅ ជូន ថ្នាក់ដឹកនាំអធិបតី ដូចតាមទម្លាប់ នៃរបប កុម្មុយនីស្ត។ ហើយតាមការគ្រោងទុក នៅថ្ងៃសុក្រទី ១០តុលា ព្យុងយ៉ាងនឹងរៀបចំពិធី ដង្ហែរក្បួន ព្យុហយាត្រាកងទ័ព ដើម្បីអួតបង្ហាញកម្លាំងសព្វាវុធ ។ កងទ័ពកូរ៉េខាងត្បូងបានបញ្ជាក់ថា គេបានសង្កេតឃើញកងទ័ពកូរ៉េខាងជើង បាន ធ្វើសកម្មភាពត្រៀម ចល័ត គ្រាប់មីស៊ីលធំៗជាច្រើន ដែលប្រហែលជាអាចដើម្បី ដង្ហែរក្នុងកម្មវិធីនេះ ។
គួរកត់សំគាល់ថា មុនកម្មវិធីបាន ចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ថ្នាក់ដឹកនាំចិន រុស្ស៊ី វៀតណាម និង ឡាវ សុទ្ធតែបានចូលជួប សំដែងការគួរសម ដាច់ដោយឡែកពីគ្នា ជាមួយលោក គីម ជុងអ៊ុន។ ថ្ងៃព្រហស្បតិ៍ដែរ ទីភ្នាក់ងារ ព័ត៌មាន រដ្ឋកូរ៉េខាងជើង KCNA បាន ផ្សាយ សេចក្តីថ្លែងការណ៍រួម រវាង កូរ៉េខាងជើងនិងរុស្ស៊ី ដោ យម៉ូស្គូបានប្រកាសគាំទ្រដោយ ឥតងាករេ និងដ៏រឹងមាំបំផុត ចំពោះការ ដឹកនាំ របស់កូរ៉ខាងជើង ដើម្បីឈានទៅ ពង្រឹង សមត្ថកិច្ច ការពារជាតិ ។ ចំណែក លោក លី ឈាំង នាយករដ្ឋមន្ត្រីចិនវិញ បាន លើកឡើងថា ការរក្សា ការពង្រឹង និង ការអភិវឌ្ឍន៍ទំនាក់ទំនង ក្នុងនាមជាមិត្តដ៏ស្និទ្ធស្នាល និងសហប្រតិបត្តិការ ទ្វេរភាគីរវាងចិននិងកូរ៉េខាងជើង វាគឺជា គោលនយោបាយ ដ៏រឹងមាំ មិន អាចរង្គោះរង្គើរបានរបស់ចិន ។
គួរបញ្ជាក់ថា ចិននិងរុស្ស៊ី គឺជាសម្ព័ន្ធមិត្តដ៏ធំ និងសំខាន់បំផុត របស់កូរ៉េខាងជើង ។ ទំនាក់ទំនង ដែលហាក់កាន់តែស្និទ្ធ ចិត្តមួយថ្លើមមួយ នៅក្នុងបរិបទសង្គ្រាម នៅអ៊ុយក្រែន ព្រោះថាទាំងចិន ទាំងកូរ៉េខាងជើង សុទ្ធិតែមានចំណែកជួយ រុស្ស៊ី ក្នុងការធ្វើសង្គ្រាមឈ្លានពាន អ៊ុយក្រែន ។ កាលពីថ្ងៃទី ៣កញ្ញា គេឃើញលោក គីម ជុងអ៊ុន មានវត្តមាន ប្រកៀក ស្មារគ្នា ជាមួយ លោក ពូទីន និងលោក ស៊ី ជីនពីង នៅក្នុងកម្មវិធី ដង្ហែរក្បួនព្យុហយាត្រាយោធាដ៏ធំអស្ចារ្យ នៅទីក្រុង ប៉េកាំង ។
លោក Lee Seong-Hyong អ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌល អាស៊ី នៃសកលវិទ្យាល័យ Harvard បាន លើកឡើងថា តាមរយៈកម្មវិធី ប្រារព្ធ អបអរសាទរ ដ៏ធំសម្បើមអស្ចារ្យទាំងអស់នេះ គឺចិន រុស្ស៊ី និង កូរ៉េខាងជើង កំពុងតែ អួតបង្ហាញ នូវកម្លាំងចាក់ឫសដ៏រឹងមាំ នៃយុទ្ធសាស្ត្រសាមគ្គីឈ្នះៗរបស់ ប្រទេសទាំង ៣នេះ ។
Nº.1053
