ដាណឺម៉ាក​ ចង់​ហាម​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ មិន​ឱ្យ​ប្រើ​បណ្តាញ​សង្គម

7NEWS

ដាណឺម៉ាក​ ចង់​ហាម​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ មិន​ឱ្យ​ប្រើ​បណ្តាញ​សង្គម

ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥

រដ្ឋាភិបាល​ដាណឺម៉ាក​នឹងដាក់​ច្បាប់​ ​​ហាមឃាត់​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ មិន​ឱ្យ​លេង​បណ្តាញ​សង្គម។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ដាណឺម៉ាក​នៅថ្ងៃ​ទី​៧ តុលា​ នៅ​ចំពោះ​មុខ​អង្គ​សភា។

ដាណឺម៉ាកល្បីជាប្រទេសជឿនលឿនខ្លាំង មានបំពាក់ឧបករណ៍ឌីជីថលសិក្សា ក្នុងគ្រប់សាលារៀន រាប់ទាំងសាលាបង្រៀនក្មេងតូចៗផង។ ប៉ុន្តែនៅពេលនេះ រដ្ឋាភិបាលដឹកនាំឱ្យលោកស្រីនាយករដ្ឋមន្ត្រី Mette Frederiksen កំពុងក្រលាស់ជំហរ ប្តូរយុទ្ធសាស្ត្រទាំងស្រុង ដោយចង់បកទៅរកវិធីសាស្ត្របង្រៀនសិស្ស តាមបែបបូរាណ ពោលគឺកាន់សៀវភៅសិក្សាវិញ។ ថ្លែងទៅកាន់សភា ក្នុងឱកាសបើកប្រជុំពេញអង្គ ថ្ងៃទី៧តុលា ២០២៥ លោកស្រីនាយករដ្ឋមន្ត្រីដាណឺម៉ាក បានថែមទាំងលើកសំណើ ទាក់ទងនឹងកំរិតពេលវេលាសម្រាប់ក្មេងៗប្រើប្រាស់ទូរស័ព្ទទៀតផង។

ហេតុអ្វីដាណឺម៉ាកប្តូរផ្លាស់ជំហរ១៨០អង្សាដូច្នេះ? “យើងបានព្រលែងបិសាចឱ្យមានសេរីភាព! ទូរស័ព្ទដៃ និងបណ្តាញសង្គមកំពុងលេបត្របាក់យុវវ័យរបស់កូនយើង”។ នេះជាប្រសាសន៍របស់លោកស្រីប្រមុខរដ្ឋាភិបាលដោយបន្ថែមថា រដ្ឋាភិបាលចង់ហាមឃាត់ មិនឱ្យក្មេងអាយុក្រោម១៥ឆ្នាំ លេងបណ្តាញសង្គម។ បើតាមលោកស្រី Mette Frederiksen ក្មេងប្រុសវ័យជំទង់ដាណឺម៉ាកអាយុ​ពី១១ឆ្នាំ​ទៅ១៩ឆ្នាំ ចំនួនជាង៦០% មិនចេញដើរលេងនៅក្រៅផ្ទះ ជួបមិត្តភក្តិទេ នៅពេលឈប់សម្រាក។ ពួកគេចូលចិត្តសំងំនៅក្នុងផ្ទះ។

ដាណឺម៉ាកក៏មិនដែលជួបប្រទះករណីកុមារ និងក្មេងជំទង់មានវិបត្តិផ្លូវចិត្ត កើតទុក្ខ និងបាក់ទឹកចិត្តច្រើនយ៉ាងដូច្នេះទេពីមុនមក។ ក្មេងដាណឺម៉ាក ច្រើនណាស់ កំពុងជួបការលំបាកក្នុងការសិក្សា មិនចេះអាន និងពិបាកផ្ចង់អារម្មណ៍។ ទាំងនេះជាហេតុផលដែលជំរុញឱ្យរដ្ឋាភិបាលដាណឺម៉ាក សម្រេចលើកគម្រោងច្បាប់ កំរិតការប្រើប្រាស់ទូរស័ព្ទ និងបណ្តាញសង្គមឡើង។ នៅក្នុងគម្រោងច្បាប់ ដែលមិនទាន់កំណត់ថ្ងៃអនុម័តនៅឡើយមានចែងឱ្យអ្នកជាឪពុកម្តាយអាចផ្តល់សិទ្ធិឱ្យកូនប្រើប្រាស់ទូរស័ព្ទដៃ និងបណ្តាញសង្គម ចាប់ពីអាយុ១៣ឆ្នាំទៅ។

គ្រោះថ្នាក់នៃការប្រើប្រាស់ទូរស័ព្ទដៃ និងបណ្តាញសង្គម ឬគ្រោះថ្នាក់នៃអេក្រង់ជាទូទៅ ចំពោះសុខភាពកុមារនិងក្មេង ត្រូវបានអ្នកជំនាញផ្នែកសុខភាពទាញសញ្ញាអាសន្នជារឿយៗ។ 

Nº.1049

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top