ឥទ្ធិពលព្យុះ ប៊ូឡូយ នៅវៀតណាម មនុស្សស្លាប់បានហក់ឡើងដល់៥១នាក់
ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នំា២០២៥
ប្រទេសវៀតណាម ត្រូវរងគ្រោះធ្ងន់ធ្ងរដោយសារឥទ្ធិពលព្យុះ ប៊ូឡូយ ដោយគិតត្រឹមព្រឹកថ្ងៃសៅរ៍ទី៤ខែតុលាឆ្នាំ២០២៥ តូលេខមនុស្សស្លាប់បានហក់ឡើងដល់៥១នាក់ហើយ ខណៈព្យុះថ្មីឈ្មោះ ម៉ាតម៉ូ នឹងចូលមកដល់នៅចុងសប្តាហ៍នេះទៀត។
ព្យុះប៊ូឡូយ បានបក់បោកលើប្រទេសវៀតណាម កាលពីថ្ងៃចន្ទជាមួយកម្លាំងខ្យល់ល្បឿន ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឥទ្ធិពលរបស់វាបង្កឲ្យមានទឹកជំនន់និងបំណាក់ដីដ៏អាក្រក់។
បន្ថែមពីលើការសម្លាប់មនុស្ស ឥទ្ធិពលព្យុះដ៏សាហាវនេះក៏បណ្តាលឲ្យមនុស្ស១៤នាក់ បាត់ខ្លួនផងដែរ។ ទឹកជំនន់និងបំណាក់ដីបានបំផ្លាញផ្ទះសម្បែងជាង ២០០ ០០០ខ្នងទូទាំងប្រទេស និងកម្ទេចសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា។
ស្របពេលជាមួយគ្នានោះដែរ ក្រសួងបរិស្ថានវៀតណាម បានវាយតម្លៃថា ការខាតបង់សេដ្ឋកិច្ចបណ្តាលមកពីព្យុះ ប៊ូឡូយ គឺមានប្រហែល ៦០៦លានដុល្លារអាមេរិក។
ខណៈរងគ្រោះដោយព្យុះចាស់ផងនោះ វៀតណាមត្រូវជួបព្យុះថ្មីទៀតនៅចុងសប្តាហ៍។ ម៉ាតម៉ូ គឺជាព្យុះទី១១ដែលវាយប្រហារប្រទេសវៀតណាម ក្នុងឆ្នាំនេះ។
Nº.1042
