ឆបោកអនឡាញនៅភូមា៖ ក្រោយប្រតិបត្តិការយោធា មនុស្សរាប់រយនាក់រត់គេចទៅថៃ
ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥
នៅប្រទេសភូមា មានមនុស្សប្រមាណជាង៦រយនាក់ បាននាំរត់ឆ្លងព្រំដែនចូលប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ទី២៣តុលា២០២៥ បន្ទាប់ពីយោធាបានបើកប្រតិបត្តិការបំបែកទីតាំងឆបោកអនឡាញដ៏ធំបំផុតមួយនៅភូមា។ នេះបើតាមការបញ្ជាក់របស់អ្នកទទួលខុសត្រូវខេត្តជាប់ព្រំដែនក្នុងប្រទេសថៃ។
ជាសរុបមានមនុស្ស៦៧៧នាក់ បានគេចខ្លួនចេញផុតពីទីតាំងឆបោកអនឡាញ KK Park ហើយរត់ឆ្លងស្ទឹងមកដល់ទឹកដីថៃ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី២៣តុលា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Sawanit Suriyakul Na Ayutthaya អភិបាលរងខេត្តតាក់ថៃ ដែលស្ថិតនៅជាប់ព្រំដែនជាមួយភូមា ដោយលម្អិតថាជនស្រីប្រុសទាំងអស់នោះ មានសញ្ជាតិផ្សេងៗគ្នា ក្នុងចំណោមនោះ ជាងម្ភៃនាក់ជាជនជាតិឥណ្ឌូណេស៊ី។ ប៉ូលិសនិងកងប្រតិបត្តិការយោធាថៃនឹងផ្តល់ជំនួយក្នុងក្របខ័ណ្ឌមនុស្សធម៌ រួចទើបចាត់តែងត្រួតពិនិត្យអង្កេតពួកគេ។
បើតាមប្រភពថៃដដែល ចរន្តរត់ចេញពីទីតាំងឆបោកឆ្លងមកថៃនឹងបន្តមានទៀត ព្រោះក្រោមសម្ពាធ អាជ្ញាធរភូមាបានចាប់ផ្តើមបើកប្រតិបត្តិការយោធាកម្ចាត់ទីតាំងឆបោកអនឡាញ
របបសឹកបានចុះទៅរឹបអូសដល់ទីតាំងឆបោកអនឡាញ KK Park បានឧបករណ៍ភ្ជាប់បណ្តាញអ៊ីនធ័រនែតតាមផ្កាយរណប Starlink ចំនួន៣០គ្រឿង នៅថ្ងៃចន្ទទី២០តុលា។ តែមិនដល់ពាក់កណ្តាលនៃចំនួនឧបករណ៍សរុបប្រើក្នុងទីតាំងមួយនេះទេ។ ទីតាំងKK Park មានបំពាក់ឧបករណ៍សម្រាប់ភ្ជាប់ទៅបណ្តាញផ្កាយរណបStarlink ដល់ទៅជិត៨០គ្រឿង នៅលើដំបូលអគារ ដែលគេអាចមើលឃើញយ៉ាងច្បាស់។
ចំណែកក្រុមហ៊ុនអាមេរិកSpaceX ដែលជាម្ចាស់បណ្តាញ Starlink ទើបបានប្រកាសនៅថ្ងៃពុធទី២២តុលាម្សិលមិញ ផ្តាច់មិនឱ្យដំណើរការឧបករណ៍ភ្ជាប់អ៊ីនធ័រនែតចំនួនជាង២៥០០គ្រឿង នៅប្រទេសភូមា។ Starlink ទើបជ្រៀតចូលក្នុងទីផ្សារអ៊ីនធ័រនែតភូមា ជាផ្លូវការនៅខែកុម្ភៈ២០២៥ និងមានកំណើនប្រើប្រាស់អ៊ីនធ័រនែតឡើងខ្លាំង ចាប់ពីខែកក្កដាមកទល់ថ្ងៃទី១តុលា។ តាំងពីផ្ទុះរឿងអាស្រូវឆបោកអនឡាញមក ម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធ័រនែតតាមបណ្ដាញផ្កាយរណប Starlinkនេះ មិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់។ គណៈកម្មការសេដ្ឋកិច្ចនៃសភានិងព្រឹទ្ធសភាអាមេរិក បានសម្រេចកាលពីថ្ងៃ ចន្ទទី២០តុលា បើកអង្កេតហើយពាក់ព័ន្ធនឹងវត្តមានStarlink ក្នុងទីតាំងឆបោកអនឡាញនៅភូមា។
ឧស្សាហកម្មឆបោកអនឡាញ ដែលបើតាមអង្គការសហប្រជាជាតិ រកចំណូលបានប្រមាណ៣៧ពាន់លានដុល្លារក្នុងមួយឆ្នាំៗ បានដុះដាលខ្លាំងជាងពេលណាៗទាំងអស់ នៅអាស៊ីអាគ្នេយ៍ និងចាប់រីកដូចផ្សិត នៅភូមា តាមបណ្តោយព្រំដែនជាមួយថៃ តាំងពីមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពីខែកុម្ភៈ២០២១ ដែលរុញប្រទេសឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិលមក។
Nº.1069
