តុលាការរាជធានីភ្នំពេញបង្គាប់ឲ្យឃុំខ្លួនជនជាតិវៀតណាមចំនួន២នាក់ពីបទឆបោកជាក្រុមមានការចាត់តាំង
ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥
លោក ធន់ ដារិទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានចេញដីកាបង្គាប់ ឱ្យឃុំខ្លួនបណ្តោះអាសន្ន លើជនជាតិវៀតណាមចំនួន២នាក់ នៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ដើម្បីបន្តនីតិវិធីរបស់តុលាការ ពាក់ ព័ន្ធ នឹង ការ ឆបោក ដោយ មាន ក្រុម ចាត់ តាំង។
ជនត្រូវ ចោទ ទាំង ពីរ នាក់ មាន ឈ្មោះ Pham Van Tiep ភេទប្រុស អាយុ៣៤ ឆ្នាំ និង ឈ្មោះ Trinh Xuan Luc ភេទប្រុស អាយុ ៣៤ឆ្នាំ។ ពួក គេ ស្ថិតក្នុងចំណោមបុរសជនជាតិវៀតណាមចំនួន៦នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនក្នុងពេលចុះប្រតិបត្តិការ ត្រួតពិនិត្យ ទីតាំងសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ នៅផ្ទះលេខ៥៩២ ផ្លូវលេខ៦៤៤ ភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
បើ តាម ដីកា បង្គាប់ ឲ្យ ឃុំ ខ្លួន ជនត្រូវចោទទាំងពីរនាក់នេះ ជាប់ ពាក់ ព័ន្ធ នឹង បទឆបោកជាក្រុមមានការចាត់តាំង ដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និង ជាប់ បទ ល្មើស ផ្សេង ទៀត ដូចជា បើកកន្លែងលេងល្បែងស៊ីសង គ្រប់គ្រង ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៥ នៃច្បាប់ស្តីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។
បន្ថែម ពី លើ នេះ ពួកគេ ក៏ជាប់ ចោទពីបទ ចូលមកដោយ ខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៩ នៃច្បាប់អន្តោប្រវេសន៍។
យោង តាម លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. ក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធនាការបង្ក្រាបអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញា សង្ស័យជាមេខ្លោង និងបក្ខពួករបស់គេសរុបចំនួន៧៧នាក់ ហើយ ទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕
Nº.1066
