ជនភៀសខ្លួនប៉ាឡេស្ទីន ច្រើនសែននាក់ត្រឡប់ទៅផ្ទះវិញ ក្រោយបទឈប់បាញ់ចូលជាធរមាន

7NEWS

ជនភៀសខ្លួនប៉ាឡេស្ទីន ច្រើនសែននាក់ត្រឡប់ទៅផ្ទះវិញ ក្រោយបទឈប់បាញ់ចូលជាធរមាន 

ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥

បទឈប់បាញ់​នៅតំបន់ហ្កាហ្សា បានចូលជាធរមាន​ចាប់ពីថ្ងៃសុក្រទី​១០តុលា។ ភ្លាមៗនេះ គេសង្កេតឃើញជនភៀសខ្លួន​ប៉ាឡេស្ទីនច្រើនសែននាក់ បានធ្វើ​ដំណើរត្រលប់ទៅរក​ផ្ទះសម្បែងវិញ ខ្លះទៅខាងជើង ខ្លះទៅខាងត្បូង បើទោះបីជា​ឃើញតែគំនរអគារ​​បាក់បែក ​ខ្ទេចខ្ទីរដោយសារតែសង្គ្រាម​២ឆ្នាំ​។ លោកដូណាល់ ត្រាំ បានអបអរសាទរខ្លួនឯង និងបានអះអាងថាលោកសង្ឃឹមថា​បទឈប់បាញ់​នេះ​​ នឹង​រឹងមាំ​ជាធរមាន​យូរអង្វែង​។

នៅព្រឹកថ្ងៃសៅរ៍ ទី​១១តុលា ផ្អែកតាម​អង្គការ​​ប្រជាការពារ​ហ្កាហ្សា​ គឺមានជនភៀសខ្លួន​ប៉ាឡេស្ទីនសរុប មិនក្រោម​​២សែននាក់ទេ ដែល​កំពុងតែនាំគ្នា​ធ្វើដំណើរ ខ្លះដើរ ខ្លះជិះកង់​​ជិះរទេះ ទូលស្ពាយ​បង្វិចសម្ភារៈ ដើម្បីវិលត្រលប់ទៅ​ផ្ទះសម្បែងវិញ ដែលស្ថិតនៅតំបន់ភាគខាងជើងហ្កាហ្សា។ ស្របពេលគ្នានេះ ប្រជាជនប៉ាឡេស្ទីនច្រើនម៉ឺននាក់​ទៀត បាន​ធ្វើ​ដំណើរចាកចេញ​ពីជំរុំបណ្តោះអាសន្ន ត្រលប់ទៅទិសខាងត្បូង ត្រង់តំបន់​ខាន់យូណែស​។

អស់រយៈពេល​២ឆ្នាំមកហើយ ដែលពួកគេបានរត់ភៀសខ្លួន​ គេចពីគ្រាប់បែកនិងមីស៊ីលរបស់អ៊ីស្រាអែល ម្តងទៅ​ខាងជើង ម្តងទៅខាងត្បូង​។ បទឈប់បាញ់ ដែលបានចូលជាធរមានកាលពីថ្ងៃសុក្រ ទី​១០តុលា គឺជាអ្វី​ដែល​ប្រជាជនប៉ាឡេស្ទីន​ ទន្ទឹងរងចាំ​សឹងតែអស់សង្ឃឹមរលីងទៅហើយ។ ទោះបីជាអគារផ្ទះសម្បែង​ ត្រូវបាក់បែក​ខ្ទេចខ្ទីរសឹងទាំងស្រុង តែប្រជាជនប៉ាឡេស្ទីន បានអះអាងថាគេរីករាយ ត្រេកអរនឹងត្រលប់ទៅទីកន្លែងដែលធ្លាប់រស់នៅវិញ ហើយបន់ព្រះសូមឲ្យ​ភ្លើង​សង្គ្រាម​ត្រូវរលត់ចាប់ពីពេលនេះទៅជារៀងរហូត។

សូមបញ្ជាក់ថា បទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដោយ​មាន​ កាតា និងអេហ្ស៊ីបជាអ្នកសម្របសម្រួល គឺជាផែនការ​ឈប់បាញ់ស្នើដោយ​លោកដូណាល់ ត្រាំ​ ដែល​មាន​២០ចំណុច ក្នុងនោះគឺ កងទ័ពអ៊ីស្រាអែលត្រូវដកថយក្នុងជំហានដំបូង គ្រប់គ្រង​តែ​ប្រមាណ​៥៣%នៃដែនដីតំបន់ហ្កាហ្សា។ ក្រុមហាម៉ាសត្រូវប្រគល់ចំណាប់ខ្មាំង​ដែលនៅសល់ ចំនួន​៤៨នាក់ ក្នុងនោះមាន​២៨នាក់​បានស្លាប់ហើយ​។ ចំណែក​អ៊ីស្រាអែលវិញ ត្រូវដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ចំនួន​២៥០នាក់ ដែល​ជាប់ទោសពីបទគំរាមសន្តិសុខ​ជាតិអ៊ីស្រាអែល ព្រមទាំងត្រូវដោះលែងប្រជាជនប៉ាឡេស្ទីន​ប្រមាណ​១៧០០នាក់ទៀត ដែលកងទ័ពអ៊ីស្រាអែលបានចាប់ខ្លួន​ ក្រោយថ្ងៃទី​៧តុលា​២០២៣។ ដោយ​ឡែក នៅមានភាព​ស្រពិចស្រពិលនៅឡើយ ទាក់ទិននឹងការរំសាយ​អាវុធទាំងស្រុង របស់​ក្រុមហាម៉ាស។

ភ្លាមៗក្រោយការចូលជាធរមាននៃបទឈប់បាញ់នេះដែរ ក្រុមសង្រ្គោះនៅហ្កាហ្សា បានប្រញេបប្រញាប់រើកកាយ​ស្វែងរក​អ្នកបាត់ ខ្លួននិងសាកសពមនុស្សដែលជាប់ក្នុងគំនរបាក់បែក។ ​អង្គការ​​ប្រជាការពារ​ហ្កាហ្សា​បានអះអាងថា គ្រាន់តែក្នុងទីក្រុង ហ្កាហ្សាស៊ីធីមួយ គេបានរកឃើញ​សាកសពមនុស្ស​៦៣នាក់ នៅថ្ងៃសុក្រទី​១០តុលា​។ ចំណែក​សមាគម​អ្នកកាសែតបរទេស នៅទីក្រុងហ្សេរុយសាឡឹមវិញ បាន​ស្នើសុំភ្លាមៗដែរ ដើម្បី​ឲ្យ​​អ្នកកាសែតបរទេសអាចចូលទៅតំបន់ហ្កាហ្សា​ដោយសុវត្ថិភាព​​ ព្រោះថា​២ឆ្នាំមកនេះ អាជ្ញាធរអ៊ីស្រាអែលបានរារាំងជាប់ជាប្រចាំ​។

តាមការគ្រោងទុក នៅចុងសប្តាហ៍នេះ លោកដូណាល់ ត្រាំ នឹងធ្វើដំណើរមកតំបន់ដើមបូព៌ា ដោយ​លោកនឹងទៅថ្លែងសារ​នៅសភាក្នេសេតរបស់អ៊ីស្រាអែល នៅក្រុងហ្សេរុយសាឡិម។

Nº.1055 



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top