ឥណ្ឌារឹតបន្តឹងសន្តិសុខ បន្ទាប់ពីមានបាតុកម្មហិង្សាទាមទារសិទ្ធិអំណាចឲ្យតំបន់Ladakh
ផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥
កាលពីថ្ងៃព្រហស្បតិ៍ទី២៥កញ្ញា ឥណ្ឌាដាក់ពង្រាយទាហានរាប់រយនាក់ និងប្រកាសបម្រាមគោចរ នៅតំបន់Ladakh ក្នុងជួរភ្នំហិមាល័យ នៅមួយថ្ងៃក្រោយដែលបាតុកម្មទាមទារឲ្យសិទ្ធិអំណាចឲ្យតំបន់ បានឆេះរាលដាលទៅជាបាតុកម្មហិង្សា ដុតរថយន្តប៉ូលិស និងទីស្នាក់ការរបស់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីណារិនដ្រា ម៉ូឌី។ បើតាមប៉ូលិសឥណ្ឌា ការប៉ះទង្គិចដ៏ហិង្សា កាលពីថ្ងៃពុធទី ២៤កញ្ញា បានសម្លាប់មនុស្ស យ៉ាងហោច ៥នាក់ និងធ្វើឲ្យរងរបួសប្រមាណនាក់ ក្នុងនោះ ៣០នាក់ជាអាជ្ញាធរមានសមត្ថកិច្ច។ មនុស្ស៤០នាក់ផ្សេងទៀតត្រូវចាប់ឃុំខ្លួន។
នៅតំបន់ Ladakh ក្នុងជួរភ្នំហិមាល័យ ទីក្រុងLehដែលជាគោលដៅរបស់អ្នកទេសចរបានប្រែក្លាយទៅជាស្ងាត់ជ្រងំ ផ្លូវគ្មានមនុស្សដើរ ប៉ុន្តែ សំបូរដោយរបាំងលួសបន្លា និងការពង្រាយប៉ូលិស ទាហានឥណ្ឌារាប់រយនាក់។ តាំងពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលញូវដេលីបានប្រកាសបម្រាមគោចរ និងពង្រឹងសន្តិសុខខ្លាំង នៅទីក្រុង Leh នៅមួយថ្ងៃក្រោយដែលបាតុកម្មហិង្សាបានផ្ទុះរាលដាល រហូតឈានទៅដល់ការដុតរថយន្តប៉ូលិស និងទីស្នាក់ការរបស់គណបក្សនយោបាយ Bharatiya Janata Party (BJP)គណបក្សហិណ្ឌូជាតិនិយមរបស់លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី។
ការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករបានបណ្តាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសប្រមាណ ១០០នាក់ ក្នុងនោះ ជាង៣០នាក់ជាប៉ូលិសឥណ្ឌា។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឥណ្ឌាមិនបាននិយាយដល់ការបាត់បង់ជីវិតរបស់បាតុករ ប៉ុន្តែ បានអះអាងថា ប៉ូលិសត្រូវបង្ខំចិត្តប្រើកាំភ្លើង ដើម្បីការពារខ្លួន។
ប្រជាជននៅតំបន់Ladakh បានលើកគ្នាធ្វើបាតុកម្មនៅថ្ងៃពុធ ដើម្បីបង្ហាញសាមគ្គីភាពជាមួយសកម្មជនពីររូបដែលធ្វើកូដកម្មអត់អាហារ ក្នុងគោលដៅទាមទារសិទ្ធិអំណាចឲ្យតំបន់ Ladakh ដែលត្រូវបានរដ្ឋាភិបាលឥណ្ឌារបស់លោកនាយករដ្ឋមន្រ្តីណារិនដ្រា ម៉ូឌី លុបចោលសិទ្ធិស្វយ័ត និងយកទៅគ្រប់គ្រងដោយផ្ទាល់ កាលពីឆ្នាំ២០១៩។
គួរបញ្ជាក់ថា ពាក់កណ្តាលនៃប្រជាជននៅតំបន់Ladakh ជាអ្នកកាន់សាសនាអ៊ីស្លាម ចំណែក៤០%ជាពុទ្ធសាសនិក។ ស្ថិតនៅតំបន់ជួរភ្នំហិមាល័យ និងជាប់ព្រំដែនប៉ាគីស្ថាន និងចិន តំបន់Ladakh ដែលសំបូរដោយវាលរហោឋាន ធ្លាប់ស្វាគម និងសង្ឃឹមថា នយោបាយរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការកាត់Ladakh ចេញពីតំបន់ស័្វយតកាស្មៀ នឹងអាចជំរុញសេដ្ឋកិច្ចរបស់តំបន់ក្រីក្រមួយនេះ។ ប៉ុន្តែ ផ្ទុយទៅវិញ នៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់រដ្ឋាភិបាលញូវដេលីនៅ៦ឆ្នាំមកនេះ តំបន់ Ladakhបានជួបតែរឿងមិនល្អ ប្រជាជនរស់នៅក្នុងភាពភ័យខ្លាច ការខាតបង់ពាណិជ្ជកម្ម ជម្លោះដីធ្លីបានកើនឡើងជាលំដាប់។ បើនិយាយពីផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ តំបន់ Ladakh ស្ថិតក្នុងជួរភ្នំហិមាល័យប្រឈមខ្លាំងជាងគេ ជាពិសេសគ្រោះទឹកជំនន់ដែលជាបណ្តាលមកពីភ្នំទឹកកករលាយ ការរលំបាក់ដី និងគ្រោះរាំងស្ងួត។ ចំពោះប្រជាជននៅ Ladakh កត្តាប្រែប្រួលអាកាសធាតុ អាចបណ្តាលមកពីការបំពុលបរិស្ថាន ដែលបង្កឡើងដោយវត្តមានកាន់តែសកម្មរបស់កងទ័ពឥណ្ឌា នៅតំបន់ជាប់ជម្លោះព្រំដែនជាមួយចិន។
Nº.1023
