ជនសង្ស័យជាឃាតករសម្លាប់​ លោកCharlie Kirk ត្រូវជាប់ទោសប្រហារជីវិត

7NEWS

ជនសង្ស័យជាឃាតករសម្លាប់​ លោកCharlie Kirk ត្រូវជាប់ទោសប្រហារជីវិត

ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥

ជនសង្ស័យឈ្មោះ Tyler Robinson ដែលជាឃាតករបាញ់​សម្លាប់​ លោក Charlie Kirk កាលពីថ្ងៃពុធទី​១០កញ្ញា នៅរដ្ឋយូតា ត្រូវបាន​គេនាំខ្លួន​ចូលទៅកាន់សវនាការជាលើកទី​១​។ រដ្ឋអាជ្ញា​អាមេរិក បានសម្រេច​ចោទប្រកាន់ជនសង្ស័យរូបនេះ​ពីបទមនុស្សឃាត និង​បានទាមទារទោសប្រហារជីវិត​។ ឃាតកម្ម​លើ​រូបលោក លោក Charlie Kirk ដែល​ជាអ៊ីនហ្វ្លូអិនស៊ឺស្តាំនិយមជ្រុល ស្និទ្ធនឹងលោកដូណាល់ ត្រាំ​ បានមក​ហែកហួរសង្គមក៏ដូចជា​​នយោបាយ​​​​អាមេរិក ឲ្យ​កាន់តែប្រឈមមុខ​ដាក់គ្នាយ៉ាងហិង្សាបំផុត​។

Tyler Robinson អាយុ២២ឆ្នាំ ដែលជាជនសង្ស័យ​ឃាតករសម្លាប់​ លោក Charlie Kirk ត្រូវបាន​សមត្ថកិច្ច​បញ្ជូនខ្លួនចូលជួបចៅក្រម ជាលើកទី​១។ លោក​ចៅក្រម​ Tony Graf នៃតុលាការ​ឧក្រិដ្ឋ​តំបន់យូតា បាន​អាន​បទចោទប្រកាន់ទាំង​អស់​៧​ករណីទៅលើជនសង្ស័យ ក្នុងនោះមានបទល្មើសមនុស្សឃាតដោយចេតនា។ ជនសង្ស័យមិនអាច ប្រើប្រាក់ធានាដើម្បីសុំនៅ​ក្រៅឃុំបានទេ​។​ Tyler Robinson មិន​មាត់ឆ្លើយតបអ្វីទេ គឺបានត្រឹមតែងក់ក្បាល។ សវនាការបន្ទាប់ នឹងត្រូវធ្វើនៅថ្ងៃទី​​២៩កញ្ញា​។

គួរបញ្ជាក់ថា រដ្ឋអាជ្ញាអាមេរិកប្រចាំតំបន់​យូតា បាន​ចោទប្រកាន់ Tyler Robibson ពីបទមនុស្សឃាតមានស្ថាន​ទំងន់​២ផ្ទួនៗគ្នា គឺទីមួយ ជាអំពើមនុស្សឃាតដោយគិតទុកជាមុន​ ក្រោម​ហេតុផល​នៃការបញ្ចេញមតិនយោបាយ​របស់ជនរងគ្រោះ​ និងទី​២ គឺឃាតកម្មនេះបានធ្វើឡើង ទាំងដែលជនសង្ស័យដឹងថា មាន​វត្តមានរបស់​កុមារ អនីតិជន​ នៅទីកន្លែងកើតហេតុផ្ទាល់​។ រដ្ឋអាជ្ញាបានទាមទារ​ ទោសប្រហារជីវិត​ទៅលើជនសង្ស័យ Tyler Robibson។

សូមរំលឹក​ថា ករណី​ឃាតកម្ម​លើរូប លោក Charlie Kirk បាន​កើតឡើងនៅ​ក្នុងកម្មវិធីជួបជុំ​មួយ​នៅក្នុងសកលវិទ្យា យូតា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធទី​១០​កញ្ញា​។ ឃាតករ​បានប្រើ​កាំភ្លើងស្នៃភើ បាញ់មួយគ្រាប់ចំ​កញ្ចឹងកជនរងគ្រោះ បណ្តាលឲ្យស្លាប់​ភ្លាម​នៅនឹងកន្លែង​។ បន្ទាប់ពីបានរត់គេចខ្លួន នៅថ្ងៃបន្ទាប់គឺថ្ងៃទី​១១កញ្ញា ជនសង្ស័យឈ្មោះ Tyler Robibson បានប្រគល់ខ្លួនឲ្យ​សមត្ថកិច្ច​ដោយ​ខ្លួនឯង បន្ទាប់ពីឪពុកម្តាយ​របស់ជននេះបាន​និយាយបញ្ចុះបញ្ចូល​។ ឪពុកម្តាយ​របស់​ជនដៃដល់បានប្រាប់បណ្តាញ​ព័ត៌មានអាមេរិកថា កូនប្រុសអាយុ​២២ឆ្នាំរបស់​ខ្លួន ធ្លាប់​បានបង្ហើបប្រាប់​ជារឿយៗ ពីទឹកចិត្តស្អប់​ដ៏ខ្លាំងក្លាបំផុត​ ទៅលើលោក Charlie Kirk ដែលជាអ្នកផ្សព្វផ្សាយ​ចរន្តទ្រឹស្តីគំនិត​ស្អប់ខ្ពើមគ្នាក្នុងសង្គម​។

សូមបញ្ជាក់ថា លោក Charlie Kirk អាយុ៣១ឆ្នាំ គឺជា​អ៊ីនហ្វ្លូអិនស៊ឺនយោបាយ​ ទំនោរស្តាំនិយមជ្រុល​ អភិរក្សនិយមជ្រុល​ ដ៏មានប្រជាប្រិយភាពម្នាក់​​នៅអាមេរិក។ Charlie Kirk បានប្រើប្រាស់បណ្តាញសង្គម ដែលមានអ្នកតាមដាន​ច្រើនលាននាក់ ដើម្បីឃោសនាផ្សព្វផ្សាយ​ទ្រឹស្តីគំនិតបែបសាសនាគ្រិស្តតឹងរឹង ជាតិនិយមជ្រុល ​អភិរក្សនិយមជ្រុល។ ជាតម្លៃគំនិតដែល​រើសអើងទៅលើអ្នកស្រលាញ់ភេទដូចគ្នា និង​ប្រឆាំង​នឹងសិទ្ធិរំលូតកូនរបស់ស្ត្រីជាដើម​។ល។ ឥទ្ធិពលនៃការ​​ការឃោសនា​​យោបាយ​បែបស្តាំនិយមជ្រុល​របស់ ​Charlie Kirk បានចូលរួមយ៉ាងខ្លាំង ជួយឲ្យ​លោក​ដូណាល់ ត្រាំ បានជ័យជំនះក្នុងការបោះឆ្នោត​អាណត្តិថ្មី​។

គួរកត់សំគាល់ថា ឃាតកម្មសម្លាប់​លោក​ Charlie Kirk ទាំងកណ្តាលថ្ងៃ បានស្តែងឲ្យឃើញ កាន់តែច្បាស់ អំពីភាពហិង្សានយោបាយ​នៅសហរដ្ឋអាមេរិក។ ប៉ុន្មានឆ្នាំចុងក្រោយ​​នេះ សង្គមអាមេរិកក៏ដូចជាឆាកនយោបាយ ត្រូវពុះចែក ប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗ រវាង​​ចរន្តគំនិតជាតិនិយមជ្រុលបែបអភិរក្សនិយម ដែលមាន​លោកដូណាល់ ត្រាំជាអ្នក​ស្រែកបំពងសំឡេង និង​ចរន្តគំនិត​ចំរើននិយម ឆ្វេងនិយម ដែលមានទំនោរកាន់តែហិង្សាទៅ​។ ចលនាឆ្វេងនិយមជ្រុល ឬ Antifasciste ដែល​លោកដូណាល់ ត្រាំតែងតែងអះអាងថាគឺមានបក្សប្រជាធិបតេយ្យនៅពីក្រោយ​។​ 

Nº.1015

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top