តុលាការចិន​កាត់ទោស​ប្រហារជីវិត​ មេខ្លោងឧក្រិដ្ឋកម្ម​​​អនឡាញ​នៅភូមា

7NEWS

តុលាការចិន​កាត់ទោស​ប្រហារជីវិត​ មេខ្លោងឧក្រិដ្ឋកម្ម​​​អនឡាញ​នៅភូមា

ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

នៅប្រទេស​ចិន តុលាការ​Wenzhou នៅទីក្រុង​​កាលពីថ្ងៃចន្ទទី ២៩​កញ្ញា​បាន​សម្រេច​កាត់ទោស​ប្រហារជីវិត​មនុស្ស​១៦នាក់ និង​ផ្តន្ទាទោស​មនុស្ស​២៣នាក់​ផ្សេងទៀតឲ្យជាប់ពន្ធនាគារ​ពី ៥ឆ្នាំ រហូតដល់​មួយជីវិត ក្នុង​បទចោទប្រកាន់​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​អនឡាញ ល្បែងខុសច្បាប់ ជួញដូរគ្រឿងញៀន និង​អំពើពេស្យាចារ​នៅក្នុ​ងមជ្ឈមណ្ឌល​បោកប្រាស់អនឡាញ​ក្នុងទឹកដី​ភូមា។ យោងតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍រដ្ឋចិន ក្រុមឧក្រិដ្ឋជនមួយចំនួន​ធំ​ដែលតុលាការ​កាត់ទោស​កាលពីថ្ងៃ​ចន្ទ ជា​សមាជិក​របស់​គ្រួសារត្រកូល Mingដែលពង្រីកអំណាច កើបលុយ​រាប់ពាន់លាន​ដុល្លារ​ពី​ឧក្រិដ្ឋកម្មឆ្លងដែន។

ក្រុមឧក្រិដ្ឋជន​ពាក់ព័ន្ធនឹង​​​មជ្ឈមណ្ឌល​ឆបោក​អនឡាញដ៏សំខាន់មួយនៅក្នុងទឹកដីភូមា ត្រូវ​តុលាការចិន​នៅទីក្រុង Wenzhouសម្រេច​ផ្តន្ទាទោស​ប្រហារជីវិត កាលពីថ្ងៃចន្ទទី ២៩​កញ្ញា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋចិន  មនុស្ស​១៦នាក់ត្រូវ​តុលាការ​ចិន​កាត់ទោស​ប្រហារជីវិត ចំណែក មនុស្ស​២៣នាក់ផ្សេងទៀត​ត្រូវ​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ ពី ៥ឆ្នាំ រហូត​ដល់​អស់មួយជីវិត។

​តុលាការ​ចិន​បាន​បើក​​សវនាការ​ជំនុំជម្រះ​ឧក្រិដ្ឋជន​ជាង​៣០នាក់ តាំង​ពីខែ កុម្ភៈ​ដើម​ឆ្នាំនេះ បន្ទាប់ពីពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​នៅតំបន់​កូកាំងក្នុង​ទឹកដីភូមា ជាប់ព្រំដែន​ជាមួយ​ចិន​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​តុលាការ​Wenzhou ឧក្រិដ្ឋជនទាំងនោះជាសមាជិក​របស់ក្រុមជនពាលដែល​មាន​​រចនាសម្ព័ន្ធ​ច្បាស់លាស់ បង្កើតឡើង​ដោយ​គ្រួសារដ៏មានអំណាច មាន​លុយ ​ត្រកូល Ming។ បន្ទាប់ពីត្រូវ​ចាប់ខ្លួន គ្រួសារ​ត្រកូលMing ត្រូវ​បាន​ចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធ​នឹង​​ឧក្រិដ្ឋកម្ម​ជាច្រើន ប្រព្រឹត្តឡើង​នៅក្នុងទឹកដីភូមា ដូចជា ឃាតកម្ម​សម្លាប់មនុស្ស បើកបនល្បែងខុសច្បាប់ ជួញដូរមនុស្ស និងជាពិសេស​ បើក​មជ្ឈមណ្ឌល​ឆបោកអនឡាញ​ជាច្រើន​កន្លែង​នៅក្នុងទឹកដីភូមា ជាប់ព្រំដែន​ចិន។

ភូមា​បាន​ក្លាយជា​ឋានសួគ៍​របស់​ក្រុមឧក្រិដ្ឋជន​ ដែល​បានឆ្លៀតឱកាស​ក្នុងសង្រ្គាមស៊ីវិល និងអសន្តិសុខ​ក្នុង​ប្រទេស​ភូមា ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ឆបោក​អនឡាញ។ បើតាម​តុលាការ​ចិន ​សមាជិក​របស់គ្រួសារ​ត្រកូលMing​បាន​ចំណាយ​លុយ​ទិញ​អាវុធ ជួលក្រុមជនពាល​ប្រដាប់អាវុធដើម្បីការពារ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ និង​ទីតាំងខុសច្បាប់ជាច្រើន​កន្លែង​របស់ខ្លួននៅក្នុងតំបន់​Kokang របស់​ភូមា។ ក្រៅពីរងការចោទប្រកាន់​ថា ជាអ្នកទទួលខុសត្រូវ​លើ​ឃាតកម្ម​សម្លាប់​មនុស្ស​១០នាក់ ដែល​ព្យាយាម​រត់គេចចេញពីមជ្ឈមណ្ឌល​បោកប្រាស់​ នៅ​ភូមា សមាជិក​របស់​គ្រួសារ​ត្រកូល​Ming និង​បក្ខពួកត្រូវ​តុលាការចិន​រកឃើញ​ថា បាន​គៃបន្លំ ទាញយកប្រយោជន៍ពីបណ្តាញ​សារទូរគមនាគមន៍​ចិន ជួញដូរគ្រឿងញៀន បើក​បនល្បែង និង​សកម្មភាព​ឧក្រិដ្ឋកម្ម​ផ្សេងទៀត ដែលផ្តល់​ប្រាក់ចំណូល​ប្រមាន ១២០០លាន​ដុល្លារ។

ដោយ​ឃើញថា ជនជាតិ​ចិន​រងគ្រោះ​ច្រើន​ជាងគេ​ ក៏ព្រោះតែ​សកម្មភាព​ឆបោក​អនឡាញនិង​ ល្បែងស៊ីសងខុសច្បាប់ដែលមានប្រភពចេញមកពីទឹកដីភូមា ចិន​ដែលជា​សម្ព័ន្ធមិត្តគាំទ្រ និងផ្គត់ផ្គង់​សព្វាវុធ​ឲ្យ​របបសឹក​ភូមា និង​ក្រុមឧទ្ទាម​គ្រប់គ្រង​តំបន់​Kokang បាន​ដាក់​សម្ពាធ​លើអាជ្ញាធរ​​ភូមា​ឲ្យចូលរួម​​បង្រ្កាប​ឧក្រិដ្ឋកម្មឆ្លងដែន។ នៅខែ​កុម្ភៈ ដើមឆ្នាំនេះ​ចិន​បានសហការជាមួយ​ថៃ និង​ភូមា​ក្នុងប្រតិបត្តិការចាប់បញ្ជូន​ជនជាតិ​ចិន ជាច្រើន​រយនាក់​ដែល​បាន​ចាញ់បោក ឬ​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​មជ្ឈមណ្ឌល​ឆបោកអនឡាញ​នៅ​តាម​ព្រំដែន​ភូមាថៃ។

របាយការណ៍របស់​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​២០២៣​បង្ហាញថា យ៉ាងហោចមនុស្ស​ជាង​១២០ ០០០នាក់​ធ្វើការ​នៅ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​ ដែលដុះដូចផ្សិតនៅប្រទេស​ភូមា ជា​ពិសេស​នៅ​តំបន់​ជាប់ព្រំដែន។

Nº.1032

   ​    

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top