ប្រមុខការបរទេសអាមេរិក​ ទៅជួប​លោក នេតាន់យ៉ាហ៊ូ ដើម្បីបញ្ជាក់ការគាំទ្រ

7NEWS

ប្រមុខការបរទេសអាមេរិក​ ទៅជួប​លោក នេតាន់យ៉ាហ៊ូ ដើម្បីបញ្ជាក់ការគាំទ្រ 

ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥៖

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ ម៉ារកូ រ៉ូប៊ីយ៉ូ កំពុង​តែបន្ត​បំពេញ​ដំណើរទស្សនកិច្ច​នៅ​អ៊ីស្រាអែល​។ ដំណើរ​ទស្សនកិច្ច​របស់ប្រមុខ​ការទូត​អាមេរិក​នេះ ធ្វើឡើង​ដើម្បីបញ្ជាក់ពីការគាំទ្រ​ចំពោះ​អ៊ីស្រាអែល ហើយ​ពិភាក្សាអំពីផលវិបាក និង​ចំណាត់​ការ​បន្តទៀត ក្រោយពី​កងទ័ព​អ៊ីស្រាអែល បានបាញ់ប្លោងគ្រាប់សម្លាប់ពួកមេដឹកនាំក្រុម​ប្រដាប់​អាវុធ​​ហាម៉ាស ក្នុង​ទឹកដី​កាតា។ ​ប្រតិបត្តិការវាយប្រហារ​នោះ ធ្វើ​ឲ្យប្រធានាធិបតី​អាមេរិក ​លោក​ដូណាល់ ត្រាំ មិន​សប្បាយចិត្ត និង​បាន​ទូន្មាន​ឲ្យ​អ៊ីស្រាអែល​ប្រុង​ប្រយ័ត្ន ព្រោះ ប្រទេស​កាតា ក៏​​ជាមហាមិត្ត​របស់​អាមេរិកដែរ​។​​

ប្រមុខទូតអាមេរិក លោក ម៉ារកូ រ៉ូប៊ីយ៉ូ អញ្ជើញ​ទៅទីក្រុង​ហ្សេរ៉ូស្សាឡឹម​ ដើម្បី​បញ្ជាក់អំពី​ការគាំទ្រអ៊ីស្រាអែល ហើយ​ពិភាក្សាពីផលវិបាក ក្រោយវាយប្រហារសម្លាប់ពួកហាម៉ាសនៅកាតា។ នៅ​ថ្ងៃអាទិត្យ ទី​១៤កញ្ញា ​ជា​ពិធី​សាសនា។​ ​ជា​អ្នក​ប្រកាន់​គ្រិស្តសាសនានិកាយ​កាតូលិក​​ លោក ម៉ារកូ រ៉ូប៊ីយ៉ូ បានត្រូវ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ អញ្ជើញឲ្យ​​ទៅ​គោរព«​ជញ្ជាំង​នៃ​សេចក្តីទុក្ខព្រួយ​» ដែល​ជា​ទីសក្ការៈ​បូជា​របស់​ជនជាតិ​ជ្វីហ្វ​។ ចូល​ស្ទឹង​តាម​បត់! ប្រមុខទូត​អា​មេរិក តម្រូវ​ឲ្យ​ពាក់​មួក​កាតិប​ដូច​ជ្វីហ្វដែរ។​

ថ្ងៃ​ចន្ទ ទី​១៥កញ្ញា​​ ថ្នាក់ដឹកនាំទាំង​២ ត្រូវ​ពិភាក្សា​គ្នា​លើសំណុំ​រឿង​ជាច្រើន។ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក ម៉ារកូ រ៉ូប៊ីយ៉ូ ធ្លាប់បាន​បញ្ជាក់​ប្រាប់​អ្ន​កកាសែត​ថា លោក​ត្រូវ​ជជែក​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល អំពី​ប្រតិបត្តិការ​យោធា​នៅ​ទីប្រជុំជនក្រុ​ងហ្កាហ្សា​ និង​​អាណានិគមកិច្ច​អ៊ីស្រាអែល​នៅតំបន់​ស៊ីហ្សកដានី​។ ប្រមុខទូតអាមេរិក ក៏​បាន​បញ្ជាក់​ជាថ្មី​នូវ​ជំហរ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ចង់​ឲ្យ​បញ្ចប់​សង្គ្រាម​ហ្កាហ្សា​ ដោយ​ភ្ជាប់​លក្ខខណ្ឌ​ចាំបាច់​ថា​ត្រូវតែ​ដោះលែង​ចំណាប់​ខ្មាំង​​ទាំងអស់ ហើយ​ពួក​ហាម៉ាស​នឹង​មិនក្លាយ​ជា​ប្រភព​គំរាម​កំហែង​សន្តិសុខ​អ៊ីស្រាអែល។​

ជំនួប​រវាង​ថ្នាក់ដឹកនាំ​ទាំង​២នៅគ្រានេះ​ បាន​​ធ្វើឡើងតែ​​១សប្តាហ៍ ក្រោយ​ពី​កងទ័ព​អ៊ីស្រាអែល​បាញ់​ប្លោងទៅលើ​ទឹកដី​កាតា និង​បាន​​សម្លាប់មនុស្ស​ ៥ នាក់។ ក្នុងនោះ ៤នាក់ ជា​មេដឹកនាំ​និង​អ្នក​ចរចា​តំណាង​ពួក​ប្រដាប់អាវុធ​ហាម៉ាស ហើយ​អ្នក​ស្លាប់​ម្នាក់ទៀត ជាមន្ត្រី​សន្តិសុខកាតា​។​

អាមេរិក​ជា​សម្ព័ន្ធធំ​ទី​១​របស់​អ៊ីស្រាអែល​ ហើយ​កាតា​ក៏​ជា​មហាមិត្ត​របស់​អាមេរិក​ដែរ។ កាតាបាន​​ទទួល​ឲ្យកងទ័ព​​អាមេរិក​ដាក់​​មូលដ្ឋាន​យោធានៅលើទឹកដី​កាតា ដែលគេអាច​​ចាត់ទុកថា​ជា​មូលដ្ឋាន​ដ៏​ធំសម្បើម ​​​នៅ​តំបន់មជ្ឈិមបូព៌ា។ ម្ល៉ោះហើយ ទើប​ចៅហ្វាយ​សេតវិមាន​អាមេរិក ​លោក ដូណាល់ ត្រាំ​ បាន​ផ្តល់​ដំបូន្មាន​ពី​ក្រុង​វ៉ាស៊ីនតោន​ មកថា អ៊ីស្រាអែល​និង​សម្ព័ន្ធផ្សេងទៀត ត្រូវ​តែប្រុងប្រយ័ត្ន​ឲ្យ​មែនទែន កាលណា​វាយប្រហារ​សម្លាប់​មនុស្ស​ ដ្បិតថា​​ កាតា​ក៏​ជាមហាមិត្ត​របស់​សហរដ្ឋអាមេរិកដែរ​។​

យ៉ាងណាក៏ដោយ​ចុះ វត្តមាន​របស់​លោកប្រមុខ​ទូត​អាមេរិក​នៅ​អ៊ីស្រាអែល​ ​​​ពុំ​មែន​ជា​ការ​ស្តីបន្ទោស​នោះ​ទេ តែ​ជាការ​បញ្ជាក់ពី​​ជំហរ​គាំទ្រ​របស់​អាមេរិក​ចំពោះ​អ៊ីស្រាអែល​។​ ការគាំទ្រ​ឥតងាករេ​នេះ គឺតាមរយៈ​ការ​សរសេរក្នុង​បណ្តាញ​សង្គម​X ដែល​លោក ម៉ារកូ រ៉ូប៊ីយ៉ូ ​​ប្រកាស​ថា ហ្សេរ៉ូស្សាឡឹម ជា​រដ្ឋធានី​ពីយូរយារ​ចីរកាល​ របស់​អ៊ីស្រាអែល។​ ស្របគ្នា​នេះដែរ លោក បេនចាមិន នេតាន់យ៉ាហ៊ូ បាន​សាទរ​ថា ទំនាក់ទំនង​អាមេរិក-​អ៊ីស្រាអែល​ មិន​ដែល​ល្អរឹងមាំដូច​គ្រា​នេះឡើយ។

គួររំឭកជូន​ថា មានតែ​សហរដ្ឋអាមេរិក​១ប៉ុណ្ណោះ ដែល​ទទួល​ស្គាល់​ ​ហ្សេរ៉ូស្សាឡឹម ជារដ្ឋធានី​ របស់អ៊ីស្រាអែល។ សហប្រជាជាតិ​មិន​ទទួល​ស្គាល់ទេ​ ហើយ​ចំណែកឯ អាជ្ញាធរប៉ាឡេស្ទីន មិនត្រឹមតែ​ច្រាន​ចោលទេ​ ក៏ថែមទាំង​ទាមទារ​ថា​ជា​ រដ្ឋធានី​របស់ខ្លួន​ដែរ។​

Nº.1010

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top