លោកដូណាល់ ត្រាំទាមទារឲ្យអូតង់ឈប់ទិញប្រេងរុស្ស៊ីជាមុន បើសិនចង់ឲ្យអាមេរិកដាក់ទណ្ឌកម្មលើម៉ូស្គូ
ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥៖
ជាអ្នកជំនួញ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំមិនចោលទម្លាប់ដាក់លក្ខខណ្ឌនៅក្នុងយុទ្ធសាស្រ្តចរចាជាមួយភាគីដៃគូ។ នៅក្នុងកាលៈទេសៈដែលសម្ព័ន្ធមិត្តអឺរ៉ុប និងអូតង់ដំឡើងសំឡេងទាមទារឲ្យមានការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដែលហ៊ានបញ្ជូនដ្រូនទៅហោះរំលោភចូលដែនអាកាសប៉ូឡូញ សមាជិកមួយរបស់អូតង់ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានបញ្ចេញសារនៅក្នុងបណ្តាញសង្គមTruth Social កាលពីថ្ងៃសៅរ៍ទី ១៣ កញ្ញា។ នៅក្នុងសារមានន័យទម្លាក់កំហុសលើប្រធានាធិបតីអាមេរិកមុន និងប្រធានាធិបតីអ៊ុយក្រែន លោកដូណាល់ ត្រាំ ទាមទារឲ្យអូតង់ត្រូវឈប់ទិញប្រេងរុស្ស៊ីជាមុន បើសិនចង់ឲ្យអាមេរិកដាក់ទណ្ឌកម្មលើរុស្ស៊ី។
រងគ្រោះដោយសាររុស្ស៊ីបញ្ជូនដ្រូនទៅហោះរំលោភចូលក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ប៉ូឡូញដែលជាសមាជិករបស់សម្ព័ន្ធអាត្លង់ទិកអូតង់បានទាមទារឲ្យមានចំណាត់ការបន្ទាន់ប្រឆាំងនឹងរុស្ស៊ី តួយ៉ាងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតលើម៉ូស្គូ។
ដើម្បីបញ្ចុះបញ្ចូលឲ្យសម្ព័ន្ធមិត្តជម្រះមន្ទិលសង្ស័យលើជំហររបស់អាមេរិក និងដើម្បីជៀសវាងកុំគេរិះគន់ថា អាមេរិកអសកម្ម គ្មានប្រតិកម្ម មិនធ្វើអ្វីសោះ នៅក្រោយពីសមាជិកមួយរបស់អូតង់ត្រូវឈ្លានពានដោយដ្រូនរបស់រុស្ស៊ី ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំកាលពីថ្ងៃសៅរ៍ទី ១៣កញ្ញាបានបង្ហោះសារក្នុងបណ្តាញសង្គមTruth Socialថា លោកត្រៀមខ្លួនរួចហើយដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ីរបស់លោកពូទីន ប៉ុន្តែត្រូវមានលក្ខខណ្ឌ។ លក្ខខណ្ឌនោះគឺ ប្រទេសសមាជិកទាំងអស់របស់អូតង់ត្រូវឈប់ទិញប្រេងពីរុស្ស៊ីជាមុនសិន។
ចំពោះប្រធានាធិបតីអាមេរិក ការប្តេជ្ញាចិត្តរបស់អូតង់ដើម្បីយកឈ្នះលើសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន មិនបាន១០០%ទេ។ ជាក់ស្តែង សមាជិកមួយចំនួនរបស់អូតង់នៅតែបន្តទិញប្រេងពីរុស្ស៊ី។ បើតាមលោកដូណាល់ ត្រាំ បើសិនអូតង់នៅតែទិញប្រេងពីរុស្ស៊ី នោះ អូតង់មិនអាចមានទឹកមាត់ប្រៃ គ្មានទម្ងន់អ្វីដើម្បីចរចា ចង់បានអំណាចពីរុស្ស៊ី។
ទោះរុស្ស៊ីរងការដាក់ទណ្ឌកម្មពីអាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុប ប៉ុន្តែ ប្រទេស៣ ក្នុងចំណោមសមាជិកទាំង៣២របស់អូតង់ គឺតួកគី ហុងគ្រី និងស្លូវ៉ាគីនៅតែបន្តទិញប្រេងពីរុស្ស៊ី។ ជាក់ស្តែង គិតចាប់តាំងពីឆ្នាំ ២០២៣ ពោលគឺ ជាង១ឆ្នាំក្រោយ រុស្ស៊ីធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន តួកគីបានក្លាយជាប្រទេសធំទី៣បន្ទាប់ពីចិន និងឥណ្ឌា ដែលស្រូបទិញប្រេងរុស្ស៊ី។ ក្នុងករណីប្រទេសហុងគ្រី និងស្លូវ៉ាគីជាដើម ប្រទេសពីរនេះបានទទួលការអនុគ្រោះពីសហភាពអឺរ៉ុប កាលពី៣ឆ្នាំមុន ដើម្បីអាចបន្តទិញប្រេងរុស្ស៊ី យកមកទ្រទ្រង់សេដ្ឋកិច្ច។ សហភាពអឺរ៉ុបបានទុកពេលឲ្យហុងគ្រី និងស្លូវ៉ាគី ស្វះស្វែងរកប្រភពផ្គត់ផ្គង់ប្រេង ប៉ុន្តែ នាយករដ្ឋមន្រ្តីហុងគ្រីដែលជិតស្និទ្ធនឹងរបបលោកពូទីន មិនត្រឹមតែកាត់បន្ថយ ប៉ុន្តែ ផ្ទុយទៅវិញ រឹតតែបង្កើនការទិញប្រេងពីរុស្ស៊ីដែលលក់ក្នុងតម្លៃថោក។ ការណ៍នេះបានបណ្តាលឲ្យមានការរិះគន់ពីសហភាពអឺរ៉ុប និងការថ្នាំងថ្នាក់ចិត្តពីអ៊ុយក្រែន។ បំពង់បង្ហូរប្រេងពីរុស្ស៊ី ទៅហុងគ្រី ដោយឆ្លងកាត់ទឹកដីអ៊ុយក្រែន និងបេឡារុស ឧស្សាហ៍រងការវាយប្រហារពីសំណាក់អ៊ុយក្រែន។
ចំពោះលោកដូណាល់ ត្រាំ អូតង់កំពុងតាំងខ្លួនតទល់នឹងការគំរាមកំហែងរបស់រុស្ស៊ីដែលកំពុងធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ដូច្នេះ វាជារឿងដ៏គួរឲ្យតក់ស្លុតពេកក្រៃដែលដឹងថា ប្រទេសសមាជិកមួយចំនួនរបស់អូតង់នៅតែបន្តជួយចិញ្ចឹមរុស្ស៊ីឲ្យធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ក្រៅពីទាមទារឲ្យអូតង់ឯកភាពគ្នាជាធ្លុងមួយដាក់ទណ្ឌកម្ម ដោយឈប់ទិញប្រេងពីរុស្ស៊ី លោកដូណាល់ ត្រាំបានស្នើចង់ឲ្យប្រទេសសមាជិកអូតង់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើចិន ដោយការដំឡើងពន្ធ ពី៥០%ទៅ១០០%លើទំនិញចិន។ បើតាមលោកដូណាល់ត្រាំ ទណ្ឌកម្មពន្ធគយនឹងអាចដាក់សម្ពាធលើចិនដែលជាប្រភពហិរញ្ញវត្ថុសំខាន់មួយអនុញ្ញាតឲ្យរុស្ស៊ីមានកម្លាំងបន្តសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ចិនជាអតិថិជនទិញប្រេងដ៏ធំមួយពីរុស្ស៊ី។
Nº.1004
