សមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យជាង៤០នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)ក្នុងខុនដូមួយកន្លែងនៅខណ្ឌសែនសុខ

7NEWS

សមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យជាង៤០នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)ក្នុងខុនដូមួយកន្លែងនៅខណ្ឌសែនសុខ

ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥

(ភ្នំពេញ)៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ 

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣:០០ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធនឹងបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានចំនួន ៧ជាន់ ។


នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ សរុបចំនួន៤៨នាក់ (ស្រី១០នាក់) មាន៤សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង ចំនួន ៣៣នាក់ (ស្រី៥នាក់) ⁠ជនជាតិនេប៉ាល់ ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិបង់ក្លាដេស ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិខ្មែរ ចំនួន ១៣នាក់ (ស្រី៥នាក់) ផងដែរ។ ក្រៅពីនេះ ក្រុមប្រតិបត្តុិការក៏បានរឹបអូស សម្ភារៈបម្រើឱ្យការប្រព្រឹត្តបទល្មើស Scam Online រួមមាន កុំព្យូទ័រ ចំនួន ៦០គ្រឿង ⁠ទូរដែក ចំនួន ៣ គ្រឿង និង⁠លិខិតឆ្លងដែន សរុបចំនួន ៣៥ច្បាប់ ។

បច្ចុប្បន្ន ជនជាតិកូរ៉េខាងត្បូង ជនជាតិនេប៉ាល់ ជនជាតិបង់ក្លាដេស និងខ្មែរ សរុបចំនួន៤៨នាក់ ខាងលើ ព្រមទាំងសម្ភារៈរឹបអូស ត្រូវ បានប្រគល់ជូន ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។




Nº.1008


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top