ប្រមុខរដ្ឋបារាំង តែងតាំងមនុស្សជំនិតឲ្យធ្វើនាយករដ្ឋមន្ត្រីថ្មី
ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥៖
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង តែងតាំងរដ្ឋមន្ត្រីការពារជាតិ លោកសេបាស្យៀង ឡឺក័រនុយ (Sébastien Lecornu) ជានាយករដ្ឋមន្ត្រីថ្មី ខណៈបាតុកម្មផ្ទុះឡើងសឹងពេញផ្ទៃប្រទេសបារាំង។ គណបក្សប្រឆាំងឆ្វេងនិយមជ្រុល បានប្រកាសថា នឹងដាក់ញត្តិ ជាថ្មី ទៅកាន់រដ្ឋសភា ដើម្បីរៀបចំបោះឆ្នោតមិនផ្តល់ទំនុកចិត្ត និងទម្លាក់នាយករដ្ឋមន្ត្រីថ្មី នេះទៀត។
ក្រោយសភាបារាំងដកទំនុកចិត្តពីលោក ហ្វ្រង់ស័រ បៃរូ, ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានតែងតាំង រដ្ឋមន្ត្រីការពារជាតិ លោក Sébastien Lecornu ឲ្យធ្វើជានាយករដ្ឋមន្ត្រី និងរៀបចំក្បាលម៉ាស៊ីនរដ្ឋាភិបាលថ្មី។
ក្នុងវ័យ ៣៩ឆ្នាំ លោក Sébastien Lecornu ជាអ្នកនយោបាយស្តាំនិយម សាធារណរដ្ឋនិយម (LR) និងជាមនុស្សជំនិតបំផុតម្នាក់ របស់ប្រមុខរដ្ឋបារាំង ដែលបានពួតដៃចូលរួមចលនានយោបាយ ជាមួយលោក ម៉ាក្រុង តាំងតែពីដំបូងៗមកម្ល៉េះ។ ជាសមាជិករដ្ឋាភិបាល ៨ឆ្នាំជាប់គ្នា លោកធ្វើជារដ្ឋមន្ត្រី គ្រប់នីតិកាលរដ្ឋាភិបាល តាំងពីឆ្នាំ២០១៧រហូតមក ដោយប្តូរពីក្រសួងមួយទៅក្រសួងមួយទៀត ដូចជា ក្រសួងបរិស្ថាន ក្រសួងសមូហភាពដែនដី និងក្រសួងដែនដីឯនាយសមុទ្រ មុននឹងក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ តែសាធារណៈជនហាក់មិនសូវជាស្គាល់រូបលោកខ្លាំងនោះឡើយ ដ្បិតរូបលោកជាមនុស្សស្ងប់ស្ងៀម មិនសូវចេញមុខចេញមាត់។ លោក Sébastien Lecornu ងប់ងល់នឹងនយោបាយតាំងតែពីក្មេងវ័យម្ល៉េះ។ ធ្លាប់ធ្វើជាជំនួយការអ្នកតំណាងរាស្ត្រ រយៈពេល ១៩ ឆ្នាំ ហើយជាប់ឆ្នោតធ្វើជាប្រធានតំបន់ដែនដី L'Eure ដែលមានវ័យក្មេងជាងគេនៅក្នុងឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើជាមេឃុំ Vernon នៅ Normandie ខេត្តជាប់មាត់សមុទ្រ ភាគខាងជើងបារាំង។
ក្នុងឋានៈជារដ្ឋមន្ត្រីការពារជាតិ លោកបានជំរុញសន្ទុះកម្លាំងទ័ពបារាំងជាខ្លាំង ដោយបានជ្រោមជ្រែងអនុម័តច្បាប់ដំឡើងកញ្ចប់ថវិកាការពារជាតិ ឲ្យកើនឡើងចំនួនលុយគុណទ្វេដង។
ការជ្រើសរើសមនុស្សជំនិតបំផុតរបស់ខ្លួនឲ្យដឹកនាំរដ្ឋាភិបាល លោកប្រមុខរដ្ឋបារាំង ម៉ាក្រុង សង្ឃឹមថា លោក Sébastien Lecornu អាចជួយនិយាយសម្រុះសម្រួលជាមួយគណបក្សចម្រុះពណ៌នយោបាយ ឲ្យរួមរួមគ្នា បញ្ជៀសការបោះឆ្នោតដកទំនុកចិត្តពីសំណាក់រដ្ឋសភា និងបង្កើតស្ថិរភាពនយោបាយ។ ក៏ប៉ុន្តែ ក្តីសង្ឃឹមនេះ ទំនងជាលំបាកទៅរួច ដ្បិតថា នយោបាយកំពុងតែរំជើបរញ្ជួយ ហើយចលនាសង្គមកំពុងតែបញ្ឆេះកំហឹងខឹងសម្បារ។ លោក Olivier Faure អគ្គលេខាធិការបក្សសង្គមនិយម PS បដិសេធនៅតាមរលកវិទ្យុជាតិ FranceInfo ថា សមាជិកបក្សសង្គមនិយម នឹងមិនចូលរួមក្នុងរដ្ឋាភិបាលថ្មីឡើយ។ អ្នកនយោបាយមាត់ឆៅ លោកJean-Luc Mélenchon ប្រមុខដឹកនាំគណបក្សឆ្វេងនិយមជ្រុល La France insoumise ចាត់ទុកថា ការតែងតាំងនាយករដ្ឋមន្ត្រីថ្មីនេះ ជាឆាកកំប្លែងលេងសើច ដ៏គួរឲ្យសោកស្តាយ។ មិនតែប៉ុណ្ណោះ លោក Manuel Bompard អគ្គលេខាធិការបក្ស La France insoumise បានប្រកាសថា នឹងដាក់ញត្តិទៅរដ្ឋសភា ដើម្បីរៀបចំបោះឆ្នោតដកទំនុកចិត្តពីនាយករដ្ឋមន្ត្រី ជាថ្មីទៀត។ រីឯ ប្រធានបក្សបរិស្ថាននិយម លោកស្រី Marine Tondelier លើកឡើងថា ការតែងនេះជាការឌឺដង និងមិនគោរពប្រជាជាតិបារាំង ទាល់តែសោះ។ ចំណែក លោកស្រី ម៉ារីន ឡឺប៉ែន មេដឹកនាំបក្សស្តាំនិយមជ្រុល រិះគន់ថា លោកម៉ាក្រុង អស់ផ្លូវដើរហើយ និងកំពុងតែបញ្ចេញសន្លឹកបៀចុងក្រោយបង្អស់។
Nº.1000

