លោកត្រាំ ប្រកាសដំឡើងពន្ធនាំចូល១០០%លើផលិតផលឱសថ
ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥
ប្រធានាធិបតីអាមេរិកមិនបញ្ចប់សង្គ្រាមពន្ធគយទេ។ នៅថ្ងៃព្រហស្បតិ៍ ទី២៥ កញ្ញា ២០២៥ លោក ដូណាល់ ត្រាំ បានចេញប្រកាសថ្មីមួយទៀតដោយដំឡើងពន្ធបន្ថែមរហូតដល់ ១០០% លើគ្រប់ផលិតផលឱសថនាំចូលអាមេរិក។
ចាប់ពីថ្ងៃទី១ តុលា ២០២៥ ទៅ អាមេរិកនឹងចាប់អនុវត្តការដំឡើងពន្ធនាំចូលបន្ថែមដល់ ១០០% លើគ្រប់ផលិតផលឱសថនៃគ្រប់ក្រុមហ៊ុនមានម៉ាក និងមានប៉ាតង់ទាំងអស់ ពោលលើកលែងតែក្រុមហ៊ុននោះមានសាងសង់រោងចក្រឱសថនៅក្នុងទឹកដីអាមេរិក។ នេះជាសំណេររបស់លោកប្រធានាធិបតីអាមេរិកនៅក្នុងបណ្តាញសង្គម Truth Social។ សេចក្តីសម្រេចរបស់លោកត្រាំបានបំផុសឱ្យមានប្រតិកម្មយ៉ាងខ្លាំង។ លោក Michael Wan សេដ្ឋវិទូរបស់ធនាគារជប៉ុន MUFG នៅប្រទេសសិង្ហបុរីយល់ថា ពាក្យ « ផលិតផលឱសថ » មានន័យស្រពេចស្រពិលណាស់។
ដូច្នេះជាគោលការណ៍ ពពួកថ្នាំ(Générique) មានមូលេគុលដូចថ្នាំហ្ស៊ីន តែខុសឈ្មោះគ្នាដែលផលិតនៅប្រទេសក្រៅដូចយ៉ាងឥណ្ឌាដើម្បីអាចលក់ក្នុងតម្លៃថោក ទំនងជាមិនជាប់ពាក់ព័ន្ធនឹងផែនការដំឡើងពន្ធបន្ថែមរបស់លោកត្រាំនេះទេ។ សហភាពអឺរ៉ុបក៏យល់ដែរថា ផលិតផលឱសថអឺរ៉ុបមិនជាប់ពន្ធថ្មីដ៏ខ្ពស់១០០% នេះដែរ ព្រោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប-អាមេរិកជាអ្នកការពាររួចហើយ។ បើតាមកិច្ចព្រមព្រៀង គ្រប់ផលិតផលអឺរ៉ុបនាំចេញទៅអាមេរិក រាប់ទាំងថ្នាំផងត្រូវបង់ពន្ធយ៉ាងច្រើនបំផុត១៥%។ ១៥%ជាកំរិតពន្ធនាំចូលជាអតិបរមា និងគ្មានការបន្ថែមអ្វីទាំងអស់។ នេះបើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម នៅថ្ងៃសុក្រទី២៦ កញ្ញា។
សម្រាប់សហព័ន្ធឧស្សាហកម្មឱសថអឺរ៉ុបវិញ ប្រសិនបើអាមេរិកពិតជាដំឡើងពន្ធបន្ថែមលើផលិតផលឱសថមែន នោះពិតជាការបង្កើតឱ្យមានស្ថានភាពដ៏អាក្រក់បំផុត។ អូស្ត្រាលីដែលនាំចេញផលិតផលឱសថក្នុងទំហំដល់ទៅ ១ ៣០០លានដុល្លារទៅអាមេរិកក្នុងឆ្នាំ២០២៤ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងដែរ ដោយអះអាងថា អូស្ត្រាលីបានទិញផលិតផលឱសថពីអាមេរិកច្រើនជាងអាមេរិកទិញពីអូស្ត្រាលី។ ការដំឡើងពន្ធលើថ្នាំពេទ្យនាំចូលពីអូស្ត្រាលីគ្មានផ្តល់ប្រយោជន៍ដល់អតិថិជនជាពលរដ្ឋអាមេរិកទេ។ នៅក្នុងសារដាច់ដោយឡែកមួយទៀត ប្រធានាធិបតីអាមេរិកដែលធ្លាប់ជាមហាសេដ្ឋីផ្នែកអចលវត្ថុបានប្រកាសដំឡើងពន្ធដល់២៥%លើយានយន្តធុនធ្ងន់ និង៥០%លើផលិតផលក្នុងផ្ទះបាយ បន្ទប់ទឹក ព្រោះផលិតផលផ្នែកនេះច្រើនតែនាំចូលពីអាស៊ីដល់ទៅប្រមាណ៦០%។
លោកដូណាល់ត្រាំ បានតាំងខ្លាំងខ្លួនជាអ្នកផ្តល់សន្ទុះដល់ឧស្សាហកម្មសិប្បកម្ម តាមរយៈនយោបាយការពារតែជាតិខ្លួនឯងម្នាក់។ ប៉ុន្តែយុទ្ធនាការដំឡើងពន្ធកំពុងបំផុសឱ្យមានក្តីព្រួយបារម្ភខ្លាំងដោយខ្លាចមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ១ ពិភពលោកមួយនេះធ្លាក់ក្នុងវិបត្តិអតិផរណា៕
Nº.1026

