លោក ដូណាល់ ត្រាំ ​ប្រកាស​​ជួយ​អ៊ុយក្រែន​វាយ​ដណ្តើម​យក​ទឹកដីវិញ

7NEWS

លោក ដូណាល់ ត្រាំ ​ប្រកាស​​ជួយ​អ៊ុយក្រែន​វាយ​ដណ្តើម​យក​ទឹកដីវិញ

ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បា​នផ្លាស់ប្តូរ​ជំហរ​ក្នុង​សំណុំ​រឿង​សង្គ្រាម​អ៊ុយក្រែន​ ។ ពីមុន លោកត្រាំធ្លាប់ស្តី​​បន្ទោស​មេដឹកនាំអ៊ុយក្រែន​ថារឹង​ទទឹងមិន​ព្រម​ទទួល​យក​លក្ខខណ្ឌរុស្ស៊ី​និង​​មិន​ចង់​បញ្ចប់​សង្គ្រាម​ តែពេលនេះ លោកថា នឹង​ជួយ​អ៊ុយក្រែន​ដើម្បី​ដណ្តើម​យក​ទឹកដី​មកវិញ​។​​ ការ​ថ្លែងដូច្នេះ ធ្វើឡើង​នៅ​មហាសន្និបាតអង្គការសហប្រជាជាតិ  ជាទីដែល​ចៅហ្វាយ​សេតវិមាន​បញ្ចេញ​យោបល់​ក្នុង​សំណុំ​រឿង​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត។​

នៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ​ ថ្ងៃទី​២៣កញ្ញា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​អួត​សរសើរ​ពី​វិធានការ​សេដ្ឋកិច្ច​ និង​នយោបាយ​ទប់​ស្កាត់​ជនអន្តោប្រវេសន៍​ ដែល​លោកថា មាន​ប្រសិទ្ធភាព​និងនាំមកនូវ​ចំណូល​សន្ធឹក​សន្ធាប់​ឲ្យ​អាមេរិក។ ក៏ប៉ុន្តែ ចំណាត់​ការ​របស់​មហាអំណាចទី១នេះ ហាក់សុទ្ធតែ​បញ្ច្រាស​ពី​ ​ពហុនិយមនិង​មនុស្សធម៌​ ដែលជា​គោលការណ៍របស់​សហប្រជាជាតិ។

ក្នុង​ជំនួបកំពូល​សហប្រជាជាតិ និង​នៅចំពោះមុខ​មេដឹកនាំ​ប្រទេស​១៩៣ លោកចៅហ្វាយសេតវិមានបាន​លើកឡើង​សំណុំរឿង​អន្តរជាតិ​ជាច្រើន។ ជុំវិញ​​សង្គ្រាមអ៊ុយក្រែន លោក ដូណាល់ ត្រាំ បានបរិហារ​ប្រទេស​​អឺរ៉ុប ដោយ​ថា​ផ្តល់​ហិរញ្ញវត្ថុ​បំប៉ន​ភ្លើ​ងសង្គ្រា​មដើម្បី​ប្រឆាំង​នឹងខ្លួន​ឯង​។ ដ្បិតថា ពួក​គេ​ទាមទារ​បញ្ចប់​សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពានអ៊ុយក្រែន តែទន្ទឹម​នឹងគ្នានេះ ​ពួក​គេ​បន្ត​ទិញ​ប្រេង​និង​ឧស្ម័ន​រុស្ស៊ី។​ ដោយ​ក្រឡាស់​ជំហរ​ ពី​ស្និទ្ធ​​នឹង​រុស្ស៊ី​ មក​ដកឃ្លា​បន្តិចពី​ពូទីន​​ លោក ត្រាំ ថា កងទ័ព​អ៊ុយក្រែន​មា​នកម្លាំង​ទប់​ទល់​នៅ​សមរភូមិ​មុខ​​ ហើយ​អាមេរិក​នឹងជួយអ៊ុយក្រែនដើម្បីដណ្តើមយកទឹកដីមកវិញ និង​ថា ​ទ័ព​អ៊ុយក្រែន​អាច​វាយ​ចូល​ដី​រុស្ស៊ី​វិញ​ផង​។​ លោក ត្រាំ​ ក៏​ចំអក​ដែរ​ថា រុស្ស៊ី​របស់​លោក ពូទីន គ្រាន់តែ​ជា​ខ្លា​ក្រដាស​ ហើយ​កំពុងតែ​មា​នវិបត្តិសេដ្ឋកិច្ច​។ នៅថ្ងៃពុធ​ ទី​២៤កញ្ញា អ្នក​នាំពាក្យ​វិមា​នក្រេមឡាំង លោក ឌីមីទ្រី បេស្កូវ បាន​ប្រតិកម្ម​ ដោយ​ឌឺដង​បែប​លេងសើច​ផង​ថា រុស្ស៊ី​មិនមែនជាខ្លាក្រដាសទេ តែ​ជា​​ខ្លាឃ្មុំ ព្រោះ​គេ​មិនដែល​និយាយថា​មា​នខ្លាឃ្មុំ​ក្រដាស​ឡើយ​។​ លើសពីនេះទៀត​ អ្នកនាំពាក្យវិមានក្រេមឡាំង អះអាងថា កង​ទ័ពរុស្ស៊ី​កំពុង​រុល​ទៅមុខ​ជានិច្ច​ នៅគ្រប់​សមរភូមិ ហើយ​សេដ្ឋកិច្ច​រុស្ស៊ី​ក៏​មា​នស្ថិរភាព​ល្អណាស់។​

Nº.1020


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top