គ្រោះទឹកជំនន់បណ្ដាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារ និងផ្ទះជាង១ម៉ឺន៧ពាន់ខ្នង
ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥
ក្នុងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ មានខេត្តចំនួន៩បានរងគ្រោះដោយទឹកជំនន់បណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារ ផ្ទះជាង១ម៉ឺន៧ពាន់ខ្នង ជម្លៀសប្រជាពលរដ្ឋជាង១ពាន់គ្រួសារ និងដំណាំស្រូវជិត១ម៉ឺន៣ពាន់ហិកតា។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩កញ្ញានេះថា គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ មានក្រុងស្រុកចំនួន៤០ នៃខេត្តចំនួន៩ បានរងគ្រោះដោយសារទឹកជំនន់ក្នុងនោះ រួមមាន ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ និងត្បូងឃ្មុំធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២១,៣៥៧ គ្រួសារ កើន ៤,៥០៥ គ្រួសារ ផ្ទះប៉ះពាល់ចំនួន១៧,៣៤៨ ខ្នងកើន ២,៤១៩ ខ្នង ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពចំនួន១,០៣៧ គ្រួសារ ស្រូវប៉ះពាល់ចំនួន១២,៧៩១ ហិកតា កើន ២,០៦១ ហិកតា ក្នុងនោះស្រូវខូចខាតចំនួន២៦៧ ហិកតា កើន ៣៨ ហិកតា។
Nº.1030


