ថ្នាំបង្ការជំងឺអេដស៍ នឹងមានដាក់លក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៧
ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥៖
ចាប់ពីឆ្នាំ២០២៧ទៅ ថ្នាំការពារប្រឆាំងនឹងមេរោគហ៊ីវ (ជំងឺអេដស៍ឬស៊ីដា) នឹងមានតម្លៃថោកត្រឹមតែប្រមាណ៤០ដុល្លារ និងមានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសក្រីក្រ និងមធ្យម ចំនួន ជាង១២០ប្រទេស។ ថ្នាំថ្មីនេះ ជាពន្លឺនៃក្តីសង្ឃឹមថ្មីរបស់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ហើយឈានទៅបិទបញ្ចប់ការចម្លងរាតត្បាតនៃជំងឺអេដស៍តែម្តងផង។
ជាង៣០ឆ្នាំក្រោយយុគសម័យរាតត្បាតនៃជំងឺស៊ីដា មេរោគហ៊ីវនៅតែបន្តគំរាមកំហែងពិភពលោក ដោយនៅឆ្នាំ២០២៤មានករណីឆ្លងជំងឺស៊ីដាថ្មីចំនួនជាង១លានបីសែននាក់។ ប៉ុន្តែកម្មវត្ថុចង់បិទបញ្ចប់ការចម្លងជំងឺស៊ីដា កំពុងចាប់មានពន្លឺ។ ចាប់ពីឆ្នាំ២០២៧ទៅ ពិភពលោកនឹងមានថ្នាំការពារប្រឆាំងនឹងមេរោគហ៊ីវ ដែលចាក់តែពីរដងក្នុងមួយឆ្នាំ ក្នុងតម្លៃថោក ត្រឹម៤០ដុល្លារ។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការ Unitaid និងមូលនិធិGates ដោយអះអាងថាពិភពលោកកំពុងបោះជំហានយ៉ាងលឿននិងយ៉ាងសំខាន់ក្នុងកិច្ចការពារប្រឆាំងនឹងជំងឺស៊ីដា។
តាមការពិត ថ្នាំចាក់ការពារជំងឺស៊ីដា ក្រោមឈ្មោះថា Yeztugo ធ្វើចរាចរណ៍ដោយក្រុមហ៊ុនអាមេរិកBiotech Gilead Sciences មានដាក់លក់នៅទីផ្សារសហរដ្ឋអាមេរិក តាំងពីជាច្រើនឆ្នាំមកហើយ ក្នុងតម្លៃដ៏ខ្ពស់ ដល់ទៅប្រមាណជាង២៨០០០ដុល្លារ ក្នុងមួយឆ្នាំ។ ប៉ុន្តែក្រុមហ៊ុនទើបស្ម័គ្រចិត្ត នៅខែតុលាឆ្នាំ២០២៤ ផ្តល់សិទ្ធដល់ក្រុមហ៊ុនចំនួន៦ឱ្យផលិតថ្នាំក្រោមឈ្មោះថ្មីសម្រាប់ទៅលក់ក្នុងប្រទេសក្រីក្រនិងមធ្យម។ ហើយពេលនេះអង្គការ Unitaid និងមូលនិធិGates បានចុះកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នា ជាមួយក្រុមហ៊ុនឱសថឥណ្ឌា ឱ្យទទួលផលិតថ្នាំការពារប្រឆាំងនឹងជំងឺស៊ីដានេះ ក្នុងទម្រង់ជាថ្នាំថ្មី ឈ្មោះថ្មី ឬតាមភាសាបច្ចេកទេសថាថ្នាំហ្សេនេរិក សម្រាប់យកទៅចែកចាយក្នុងប្រទេសក្រីក្រនិងមធ្យមជាង១២០ប្រទេស ក្នុងតម្លៃថោក។
មានធាតុសកម្ម មូលេគុលផ្សំនិងរូបមន្ត ដូចថ្នាំដើមបេះដាក់ Lenacapavir ជាថ្នាំដែលមានសកម្មភាពប្រឆាំងនឹងមេរោគហ៊ីវ រយៈពេលយូរ ដោយតម្រូវឱ្យចាក់ការពារតែពីរម្ជុលក្នុងមួយឆ្នាំ មិនមែនលេបរាល់ថ្ងៃជាប្រចាំដូចថ្នាំពន្យារជីវិតបច្ចុប្បន្ននេះទេ។
ក្នុងពេលរង់ចាំមានថ្នាំការពារជំងឺស៊ីដាថ្មី ហើយថោកមកដល់ មូលនិធិពិភពលោកនិងក្រុមហ៊ុនឱសថអាមេរិក បានចុះកិច្ចព្រមព្រៀងមួយផ្សេងទៀត ដើម្បីជួយប្រទេសក្រីក្រនិងមធ្យម បានទទួលថ្នាំការពារតាមរយៈជំនួយអាមេរិក។ អង្គការរំពឹងថាជំនួយ មួយកញ្ចប់ដំបូងៗនឹងអាចទៅដល់ប្រទេសនៅអាហ្វ្រិកណាមួយ នៅចុងឆ្នាំ២០២៥។
តាំងពីឆ្នាំ២០១០មក កិច្ចខិតខំប្រឹងប្រែងពិភពលោក បានកាត់បន្ថយករណីឆ្លងជំងឺស៊ីដាថ្មីបានប្រមាណ៤០%។ ភាពជឿនលឿនផ្នែកវេជ្ជសាស្ត្រ មានជាអាទិ៍ដំណើរមកដល់នៃថ្នាំការពារជំងឺស៊ីដា អាចនឹងជួយពិភពលោកឱ្យបញ្ឈប់ជំងឺរាតត្បាតស៊ីដាបាន ដរាបណាតែមនុស្សគ្រប់រូប ជាពិសេសអ្នកប្រឈមនឹងហានិភ័យបានប្រើប្រាស់ថ្នាំនេះយ៉ាងទូលំទូលាយខ្លាំងតែប៉ុណ្ណោះ។
Nº.1028
