តើជប៉ុនអាចមាននាយករដ្ឋមន្ត្រីស្រីជាលើកដំបូងឬទេ?

7NEWS

តើជប៉ុនអាចមាននាយករដ្ឋមន្ត្រីស្រីជាលើកដំបូងឬទេ?

ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥៖

ថ្ងៃព្រហស្បតិ៍ ទី១៨កញ្ញា​ អ្នកនយោបាយជាតិនិយមជប៉ុន លោកស្រី តាកាអ៊ីជី សាណាអេ បានប្រកាសឈរឈ្មោះជា​នាយករដ្ឋមន្ត្រីថ្មី។ ក្នុង​ប្រវត្តិសាស្ត្រជប៉ុន ពុំធ្លាប់​​មាន​អ្នក​នយោបាយស្រី​​ណាម្នាក់ ឈានទៅ​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រីសោះឡើយ ​។ ​តើលោកស្រី តាកាអ៊ីជី សាណាអេ អាច​នឹង​មាន​ឱកាស​ក្លាយជា នាយករដ្ឋមន្ត្រីស្រី ជាលើកដំបូងនៅជប៉ុន​ ឬទេ? ​

ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន គ្មាន​អ្នកនយោបាយស្រីណាម្នាក់ធ្លាប់​ធ្វើជា​នាយករដ្ឋមន្ត្រី​សោះ។ ពេលនេះ លោកស្រី តាកាអ៊ីជី សាណាអេ (Sanae Takaichi) ដែល​ជា​អ្នកនយោបាយអភិរក្សនិយម និង​ជាតិនិយមជប៉ុន ចង់​សាកល្បង​ប្រកួត​ប្រជែងយក​តំណែងនាយករដ្ឋមន្ត្រីជប៉ុន​​។ ការប្រកួត​នេះបាន​ធ្វើឡើង​តាម​រយៈ​ការ​ប្រកាស​បេក្ខភាពឈរឈ្មោះ​ជា ប្រមុខដឹកនាំ​បក្សកាន់អំណាច គឺគណបក្ស​សេរីនិយម​ប្រជាធិបតេយ្យ​​។ នៅជប៉ុន ទាល់តែ​មាន​តួនាទី​ជា​ប្រធានបក្ស​កាន់អំណាច ទើបអាចទទួល​ការ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ពីសភា ឲ្យ​ឡើងអង្គុយកៅអី​នាយករដ្ឋមន្ត្រី​។​​

មាន​វ័យ ៦៤ឆ្នាំ លោកស្រី តាកាអ៊ីជី សាណាអេ ជាអ្នក​តំណាង​រាស្ត្រ និង​ជា​មនុស្ស​ជំនិត​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Abe Shinzo (អាបេ ស៊ីនហ្ស៊ូ)។ កម្មវិធីនយោបាយសេដ្ឋកិច្ច​​របស់​លោកស្រី គឺ​ប្រឆាំង​នឹង​ការ​ដំឡើង​អត្រាការប្រាក់ខ្ពស់​​ និង​ចង់​ជំរុញការ​ចាយវាយរបស់ប្រជាជនដើម្បី​ជួយ​សន្ទុះ​សេដ្ឋកិច្ច។ ក្នុង​ថ្ងៃ​ប្រកាសបេក្ខភាព​ឈរឈ្មោះដើម្បីធ្វើជា​​ប្រមុខ​បក្ស​កាន់អំណាច​ លោកស្រីបាន​លើកឡើងថា «ជប៉ុនសព្វថ្ងៃ ​ត្រូវ​ការ​នយោបាយ​កែទម្រង់​ ផ្លាស់ប្តូរ​ជីវភាព​ប្រចាំថ្ងៃ និងផ្លាស់ប្តូរ​ក្តីព្រួយ​បារម្ភ​របស់​ប្រជានុ​រាស្ត្រ​ ឲ្យឈានឆ្ពោះទៅ​រក​អនាគត​ថ្មី​មួយ ​ពោរពេញ​ដោយ​ក្តីសង្ឃឹម​»។​

រីឯនយោបាយ​ការបរទេសវិញ​ លោកស្រី តាកាអ៊ីជី សាណាអេ មាន​ជំហរ​ប្រឆាំងមហាយក្សចិន និងតែងតែ​រិះគន់​មិន​សំចៃមាត់​ចំពោះ​ការ​លេច​ត្រដែត​ឡើង​នៃឥទ្ធិពល​កងទ័ព​ចិន ​នៅ​តំបន់​អាស៊ី​ និងនៅ​អូសេអានី។ លោកស្រី​ក៏​ឧស្សាហ៍​អញ្ជើញទៅ​វិហារ​ យ៉ាសូគុនី (Yasukuni) ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​យោធាជប៉ុន ស្លាប់​ក្នុ​ងសង្គ្រាម​លោកលើកទី២​ ដែល​​បង្កការ​ខឹងសម្បារ​និងរិះគន់​ពីសំណាក់​ប្រទេស​រងគ្រោះផ្សេងទៀត ដូចជា ចិន ​និង​កូរ៉េ​ខាងត្បូង។

អ្នកនយោបាយ​ស្រី​រូបនេះ ត្រូវ​ប្រឈម​មុខ​ប្រកួត​ប្រជែង​នឹង​ឥស្សរជន អ្នក​​នយោបាយ​ប្រុសៗ ចំនួន​ ៤ នាក់ ដែល​បាន​ប្រកាស​បេក្ខភាព​ដណ្តើមយក​តំណែង​ប្រមុខរដ្ឋាភិបាល ដែរ​។ ពោលគឺ​មាន លោក ខូយហ្ស៊ឺមី ស្ហ៊ីណជីរ៉ូ (Shinjiro Koizumi) រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ រុក្ខ និង​នេសាទ, លោក Yoshimasa Hayashi អគ្គលេខាគណ​បក្ស​កាន់អំណាច និង​ជា​អតីតរដ្ឋមន្ត្រី​អប់រំ​, ​លោក​ Toshimitsu Motegi ​អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង លោក​ Takayuki Kobayashi រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច។​

ការស្ទង់មតិចុងក្រោយ​បំផុត ចុះផ្សាយ​នៅថ្ងៃព្រហស្បតិ៍ ទី១៨កញ្ញា  បាន​បង្ហាញឲ្យ​ឃើញថា លោកស្រី តាកាអ៊ីជី សាណាអេ ឋិតក្នុងលំដាប់​ទី២​។ អ្ន​កឈាននាំ​មុខគេ គឺ រដ្ឋមន្ត្រីកសិកម្ម លោក ខូយហ្ស៊ឺមី ស្ហ៊ីណជីរ៉ូ ​​​ដែល​កំពុងតែ​​មាន​ប្រជាប្រិយភាព​ខ្លាំង និង​មានទំនាក់ទំនងល្អជាមួយគណ​បក្សប្រឆាំង។ មាន​វ័យ​៤៤ឆ្នាំ​ លោក​ជាកូនប្រុសរបស់លោក ខូយហ្ស៊ឺមី (Junichiro Koizumi)​អតីតនាយករដ្ឋមន្រ្តី។ តែយ៉ាង​ក៏ដោយ​ ​ការបោះឆ្នោត​ជ្រើសតាំងមេដឹកនាំជប៉ុន​ថ្មី​ នឹង​សម្រេចជាចុងក្រោយ​​ នៅថ្ងៃទី ៤ តុលា ខាងមុខ៕​

Nº.1018

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top