បាតុកម្មហិង្សានៅនេប៉ាល់ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ទំហំរាប់រយលានដុល្លារ
ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥៖
បាតុកម្មហិង្សានៅនេប៉ាល់ កាលពីសប្តាហ៍កន្លងទៅ ដែលឈានទៅផ្តួលរំលំរដ្ឋាភិបាល គឺបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាង ៧០នាក់ និងរបួសច្រើនរយនាក់ ហើយក៏បង្កឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជន ទំហំរាប់រយលានដុល្លារ។ នេះបើតាម អ្នកជំនាញ និង រដ្ឋាភិបាលអន្តរកាលនេប៉ាល់ ដោយឆ្លៀតបញ្ជាក់ថា គេចាំបាច់ត្រូវការពេលវេលាយូរ និងមធ្យោបាយច្រើន ដើម្បីជួសជុលការខូចខាត។
នៅនេប៉ាល់ បាតុកម្មហិង្សាធ្ងន់ធ្ងរ រយៈពេល ៤៨ម៉ោង កាលពីសប្តាហ៍កន្លងទៅ បានបណ្តាលឲ្យបាត់បង់ជីវិមនុស្ស ៧២នាក់ និងរបួសច្រើនរយនាក់។ ស្ថាប័នជាតិ តួយ៉ាង វិមានរដ្ឋសភា វិមានរដ្ឋាភិបាល និងស្ថាប័នតុលាការ រួមទាំង គេហដ្ឋានឥស្សរជន ជាច្រើនរូប ត្រូវព្រះអគ្គិលេបត្របាក់។ «សម្បត្តិសាធារណៈនិងឯកជន របស់របរមានតម្លៃច្រើនសម្បើមណាស់ រងការបំផ្លិចបំផ្លាញ»។ នេះបើតាម លោក Binon Ghimire អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិនេប៉ាល់ ដោយបញ្ជាក់ថា ការវាយតម្លៃទំហំខូចខាតរួម ចាំបាច់ត្រូវស៊ីពេលច្រើនទៀត ជាពិសេសគេត្រូវបូកសរុបអំពីការខូចខាតនៅតាមបណ្តាខេត្តនានា ក្រៅពីរដ្ឋធានី Katmandou ផងទៀត។
នាយករដ្ឋមន្រ្តីនេប៉ាល់ថ្មី លោកស្រី ស៊ូស៊ីឡា ការគី ដែលទើបតែចូលកាន់តំណែង ក៏បានលើកឡើងដែរ ថា«បាតុកម្មហិង្សា បង្កការប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងបំផ្លាញទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់»។ សូម្បីតែតុលាការកំពូល ដែលលោកស្រីនាយករដ្ឋមន្ត្រីធ្លាប់ជាប្រធានតុលាការ ក៏រងគ្រោះធ្ងន់ដែរ។ នៅថ្ងៃអង្គារ ទី១៦កញ្ញា បណ្តាបុគ្គលិកសាលាជម្រះក្តីកំពូល ត្រូវធ្វើការក្រៅអគារ ឯអ្នកខ្លះធ្វើការនៅទីចំណតរថយន្ត ព្រោះតែអគារតុលាការត្រូវភ្លើងឆេះ។ លោកស្រី ស៊ូស៊ីឡា ការគី បានកត់សម្គាល់ថា ឯកសារសំណុំរឿងតុលាការ ភស្តុតាងនានា ត្រូវបំផ្លិចបំផ្លាញ។ ទណ្ឌិតជាង ១២ ៥០០នាក់ បានហែកគុករត់ ហើយពួកគេក្លាយជាប្រភពនៃការគំរាមកំហែងដល់សន្តិសុខសាធារណៈ។ នេះបើតាមលោកស្រីនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។
ក្នុងវិស័យឯកជនវិញ គេនៅមិនទាន់បូកសរុបការខូចខាតជារួមទេ តែបើគិតត្រឹមផ្នែកសណ្ឋាគារ នៅក្នុងរដ្ឋធានី Katmandou គឺមានសណ្ឋាគារទំនើបៗ យ៉ាងតិច ២០ រួមទាំងសណ្ឋាគារ Hilton ដែលទើបតែសម្ពោធហើយថ្មីថ្មោងផង ត្រូវពួកជនខិលខូចឆ្លៀតឱកាសសម្រុកចូលលួច។ សមាគមសណ្ឋាគារនេប៉ាល់ អះអាងថា ក្នុងវិស័យអាជីវកម្មរបស់ខ្លួន ខាតបង់ប្រាក់ប្រមាណ ១៥០ លានអឺរ៉ូ និងប៉ះពាល់ដល់បុគ្គលិក ជាង ២ ០០០ នាក់។
Nº.1013
