អ៊ីស្រាអែល​បាញ់ប្លោងគ្រាប់ដល់​រដ្ឋធានី​​ដូហារបស់កាតា​​

7NEWS

អ៊ីស្រាអែល​បាញ់ប្លោងគ្រាប់ដល់​រដ្ឋធានី​​ដូហារបស់កាតា​​ 

ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥

កាលពីរសៀលថ្ងៃ​អង្គារទី​៩កញ្ញា​ សំឡេងផ្ទុះបាន​លាន់ឮ នៅ​ទីក្រុងដូហារបស់កាតា។ អាជ្ញារធរកាតា បានអះអាងថា គឺកងទ័ពអ៊ីស្រាអែល បានបើក​ការវាយ​ប្រហារ បាញ់ប្លោង​គ្រាប់​ សំដៅចង់សម្លាប់​មេក្រុម​ហាម៉ាស ដែ​ល​ស្នាក់នៅទីក្រុង​ដូហា​។ កាតាបានបរិហារ ចាត់ទុក​ការវាយ​ប្រហារនេះ ថាជាអំពើដ៏កំសាកនិង​ថោកទាបបំផុតរបស់អ៊ីស្រាអែល​។

សំឡេងគ្រាប់​ផ្ទុះបាន​លាន់ឮ នៅទីក្រុងដូហា កាលពីរសៀលថ្ងៃអង្គារទី​៩​កញ្ញា​។ រូបភាពវីដេអូ បានបង្ហាញ​ឲ្យឃើញផ្សែងខ្មៅឆាបឆេះ​ឡើងទៅលើ នៅទីក្រុងរបស់កាតា​។ ភ្លាមៗ​ក្រោយ​ដំណឹងនេះ កងទ័ពអ៊ីស្រាអែល​ បាន​ចេញលិខិតប្រកាស បញ្ជាក់ថាកងទ័ពនិងបណ្តាញចារកិច្ចក្រៅប្រទេសរបស់​អ៊ីស្រាអែល បាន​បើកប្រតិបត្តិការ​ វាយ​ប្រហារដោយចំពោះ សំដៅ​សម្លាប់​មេក្លោងធំៗរបស់ក្រុមភេរវកម្ម​ហាម៉ាស។ តែលិខិតនេះ មិនបានបញ្ជាក់ទេ ថាអ៊ីស្រាអែលបានបើក​ការវាយប្រហារនៅទីកន្លែងណា​។

ដោយឡែក អាជ្ញាធរកាតាបានចេញមកប្រកាសភ្លាមៗ ថាពិតជាមានការវាយ​ប្រហារបាញ់​ប្លោងគ្រាប់ពីសំណាក់អ៊ីស្រាអែល​ មកលើរដ្ឋធានីកាតា​ សំដៅ​សម្លាប់​មេធំៗរបស់​ក្រុមហាម៉ាសដែលស្នាក់នៅទីក្រុង​កាតា​។ ​រដ្ឋាភិបាល​កាតា បានប្រកាសថ្កោលទោស ចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែល ថាជាអំពើដ៏កំសាក​និងថោកទាបបំផុត។

 ​​តែគិតត្រឹម​ល្ងាចថ្ងៃ​អង្គារទី​៩កញ្ញា ភ្លាមៗក្រោយការវាយ​ប្រហារ គេមិនទាន់មានដំណឹងបញ្ជាក់ថា មានអ្នករងគ្រោះស្លាប់ឬរបួសប៉ុន្មាននាក់នោះទេ​។

ប្រតិកម្មទៅនឹងការវាយប្រហារ​របស់អ៊ីស្រាអែល​ ដល់ទីក្រុងដូហានេះ ទាំងក្រុម​ហាម៉ាស ក្រុមជីហាត​អ៊ីស្លាមីក អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានចេញមកប្រកាសថ្កោលទោសដូចៗគ្នា ដោយចាត់ទុកថា អ៊ីស្រាអែល​​បាន​​បំពាន​យ៉ាងស្រស់​ៗ ទៅលើ​ច្បាប់អន្តរជាតិ និង​​ទៅលើអធិបតេយ្យភាពរបស់កាតា​។ ដូចគ្នាដែរ លោក​ អង់តូនីញ៉ូ ហ្គូទែរស៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​ថ្កោលទោសថាអ៊ីស្រាអែល បានបំពានអធិបតេយ្យភាពរបស់កាតា​។ រី​ឯស្ថានទូត​​សហរដ្ឋអាមេរិក​ប្រចាំនៅកាតា បានជូនដំណឹងប្រាប់ទៅប្រជាពលរដ្ឋខ្លួនរស់នៅដូហា ឲ្យ​សំងំនៅកន្លែង​មាន​សុវត្ថិភាព។

ដោយឡែក លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ បាន​បញ្ជាក់ថា ការវាយ​ប្រហារ​​ដែល​កងទ័ពអ៊ីស្រាអែលបានធ្វើ​នៅ​ទីក្រុង​ដូហាប្រទេសកាតា គឺជាប្រតិបត្តិការ​​ឯករាជ្យ ដែលអ៊ីស្រាអែលសម្រេចធ្វើតែម្នាក់ឯង​ និងសូមទទួលខុសត្រូវទាំងស្រុងតែម្នាក់ឯង ដោយ​គ្មានពាក់ព័ន្ធជាមួយ​ប្រទេសណាទាំងអស់​។ លោកនេតាន់យ៉ាហ៊ូអះអាងថា ​គឺមេ​​​ក្រុមភេរវកម្ម​​ហាម៉ាស​ ដែលពួនសំងំនៅ​​​​ក្រុងដូ​ហានេះហើយ ដែលជា​មេក្លោង សម្រេច​ចេញបញ្ជានានា ទៅកាន់សមាជិកក្រុមហាម៉ាស​ ឲ្យ​វាយប្រហារ​មកលើអ៊ីស្រាអែល​ និង​​បន្តធ្វើសង្គ្រាម​នៅហ្កាហ្សា​៕

Nº.0997

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top